ព័ត៌មានជាតិ

ប្ដីកាប់សម្លាប់ប្រពន្ធកាលពី២ថ្ងៃមុននៅខេត្តក្រចេះពេលនេះសមត្ថកិច្ចចាប់បានហើយ

ក្រចេះ: ជនសង្ស័យដែលត្រូវជាប្ដី បានកាប់សម្លាប់ប្រពន្ធកាលពី២ថ្ងៃមុន នៅខេត្តក្រចេះ ឥឡូវសមត្ថកិច្ចចាប់បានហើយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី មានករណីឃាតកម្ម (ប្តីសម្លាប់ប្រពន្ធ) បានកើតឡើងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ជនរងគ្រោះ ឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ)
ចំណែកជនសង្ស័យឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី ) អ្នកទាំងពីរមានទីលំនៅកន្លែងកើត ហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកឈ្មោះ គង់ ស្រីទូច និងឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ មានជម្លោះរកាំរកោសក្នុងគ្រួសារ រហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ពុំយល់ព្រមឡើយ។
ទើបមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលា ម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញមកតាមផ្លូវត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ធ្វើសកម្មភាពកាន់កាំបិតផ្គាក់កាប់ឈ្មោះ គង់ ស្រីទូច ជាច្រើនកាំបិតត្រូវចំបំពង់កនិងកញ្ចឹងក និងទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ បានរត់គេចខ្លួន បាត់។
រហូតមកដល់ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕

 

មតិយោបល់