បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច ប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុន ម៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា៖ ខ្លួនជាអ្នកម៉ៅការសំណង់ ហើយកន្លែងការដ្ឋានរបស់ខ្លួនតែងមានចោរលួចកាត់ខ្សែភ្លើង និងទុយោម៉ាស៊ីនត្រជាក់ ដោយបាត់បង់សម្ភារៈញឹកញាប់ពេក ខ្លួនក៏លួចតាមដាន លុះថ្ងៃកើតហេតុវេលាម៉ោងប្រមាណ ០៥និង៣០នាទីល្ងាច បានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណ ០១ក្រុម កំពុងធ្វើសកម្មភាពកាត់ទុយោម៉ាស៊ីនត្រជាក់ ឃើញដូចនេះ ខ្លួនក៏បានហៅសមត្ថកិច្ចមកធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានពាក្យបណ្តឹង ថាមានអំពើចោរកម្ម កម្លាំងកងរាជអាវុធហត្ថ បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១- ឈ្មោះ អ៊ី វ័ន ហៅ ប៉ោង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២- ឈ្មោះ កុយ សុភាព ហៅ ឆ្លាម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ដកហូតសម្ភារៈរួមមាន៖
-ឧបករណ៍កាត់ទុយោម៉ាស៊ីនត្រជាក់ ០១គ្រឿង ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកខ្លួនតែងតែធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងសម្ភារៈផ្សេងទៀត នៅតាមការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត ជាច្រើនលើកមកហើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់