ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តក្រុងវីរៈ ប៊ុនថាំ កំពុងឈប់ដាក់ភ្ញៀវពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសជាតៃកុងរថយន្តហាយឡេនឌ័ររបួសធ្ងន់ និងស្ត្រីរួមដំណើររបួសស្រាល។
ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធរុស្សី ត្រង់ចំណុចក្រុមហ៊ុនលក់រថយន្តBMW ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AK 2941 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានជ្រុលទៅបុករថយន្តក្រុងវីរៈប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ3C 5370 កំពុងឈប់ដាក់ភ្ញៀវអែបចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលបុរសម្នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញ ចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការក្រុងរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕








មតិយោបល់