ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ មន្ត្រីយោធាភូមិភាគ៥ ប៉ុនប៉ងឃាតកម្មលើប្រពន្ធ យកកាំភ្លើងបាញ់ប្រហារ ផ្អើលនៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង៤០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម បង្កឡើងដោយសហព័ទ្ធ (ប្តីប្រើអាវុធខ្លី ម៉ាកK៥៩ បាញ់ប្រពន្ធ) នៅចំណុចតាមផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឆោម ចំណាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាភូមិភាគ៥ ស្នាក់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គល់បូរី ខេតបាត់ដំបង (គ្មានសារធាតុញៀន) ។ ជនរងគ្រោះ ឈ្មោះ ជា បតី (ជា គឹមឡាង) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ នៅផ្សារចិនណាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសដើមដៃខាងឆ្វេង , ពោះទឹកខាងឆ្វេង , លើស្មាខាងស្តាំ , លើពោះទឹកខាងស្តាំ ) ។

សម្ភារៈបន្សល់ទុក ៖ អាវុធខ្លី០១ដើម ម៉ាកK59 លេខ២៤០៣ , សំបកគ្រាប់០៧គ្រាប់ , ក្បាលគ្រាប់០១គ្រាប់ ។

ដំណើររឿង ៖ មុនពេលកើតហេតុ ជនសង្ស័យ(ជាប្តី) បានទូរសព្ទ័ហៅជនរងគ្រោះ (ជាប្រពន្ធ) មកជួបខ្លួន នៅចំណុចខាងលើ ពេលជនរងគ្រោះមកដល់ ជនសង្ស័យបានដើរទៅរថយន្តរបស់ខ្លួន យកកាំភ្លើងខ្លីK59 ពីក្នុងរថយន្តអាមេបញ្ចូលគ្រាប់ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ០៧គ្រាប់ តែត្រូវចំជនរងគ្រោះចំនួន០៤គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូននៅមន្ទីរពេទ្យកាល់ឡឺម៉ែតភ្លាមៗ។

បន្ទាប់ជនសង្ស័យ បានឡើងបើករថយន្តគេចខ្លួន តែត្រូវកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញហេតុការណ៍ ធ្វើការដេញតាមចាប់បានជនសង្ស័យ ឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់