ព័ត៌មានជាតិ

សូមបងប្អូនពលរដ្ឋកម្ពុជា មេត្តាជៀសឲ្យឆ្ងាយពីល្បែងអនឡាញខុសច្បាប់

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចុប្បន្ននេះ សង្កេតឃើញថា ល្បែងអនឡាន (Online Gambling) កំពុងពេញនិយមយ៉ាងខ្លាំង និងបានអូសទាញយុវវ័យកម្ពុជា ធ្លាក់ក្នុងអន្លង់ដោយពុំបានដឹងខ្លួន។ ដោយសារភាពសម្បូរបែបនៃល្បែងអនឡាញ ដូចជា៖ ប៊ីងហ្គោ ផកឃ័រ ឬល្បែងភ្នាល់ផ្សេងៗ តាមរយៈកម្មវិធីទូរស័ព្ទដៃ កម្មវិធីលើគេហទំព័រ បានធ្វើឲ្យចំនួនអ្នកលេង ឬភ្នាល់មានការកើនឡើងយ៉ាងគំហុក និងពិបាកក្នុងការគ្រប់គ្រង។

ដោយមើលឃើញនូវបញ្ហានេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការលើកយកនូវហានិភ័យមួយចំនួន នៃការលេងល្បែងភ្នាល់អនឡាញ មកជម្រាបជូនបងប្អូនពលរដ្ឋកម្ពុជា ដូចខាងក្រោម៖

អំពីហានិភ័យ៖
– ជនអនាមិក អាចធ្វើការជ្រៀតចូលគណនីអនឡាញរបស់អ្នក ដោយមធ្យោបាយលួចលេខសម្ងាត់ តាមរយៈវិស្វកម្មបណ្តាញសង្គម Phishing (បញ្ឆោតវាយលេខសម្ងាត់លើកម្មវិធីទូរស័ព្ទដៃ ឬលើគេហទំព័រ)។

– កម្មវិធីល្បែងអនឡាយមួយចំនួន អាចធ្វើការប្រើប្រាស់ WebCam ឬឧបករណ៍ស្រូបសំទ្បេងក្នុងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យទ័ររបស់អ្នក នឹងអាចធ្វើការថត ឬលួចស្តាប់ ដោយអ្នកពុំបានដឹងខ្លួន។

– ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក អាចឆ្លងមេរោគ (Trojan Horse, RAT, spyware) នៅពេលទាញយក និងដំឡើងកម្មវិធី បន្ទាប់មកជនអនាមិកអាចលួចព័ត៌មានផ្សេងៗ ព្រមទាំងធ្វើការគ្រប់គ្រង់ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័រពីចម្ងាយ ដោយអ្នកពុំបានដឹងខ្លួន។

– អ្នកអាចជួបបញ្ហា ឬរងគ្រោះពីកម្មវិធី Chatrooms ដែលមានក្នុងកម្មវិធីល្បែងអនឡាញ ឧទាហរណ៍៖ ការជ្រៀតចូលឯកជនភាព ការបញ្ឆោតចុចលើតំណរភ្ជាប់ និងការចម្លងមេរោគផ្សេងៗ។

– ព័ត៌មានបុគ្គល ស្ថានភាពហិរញ្ញវត្ថុ របស់អ្នកអាចត្រូវបានចែកចាយទៅបុគ្គលផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។

– ចាញ់បញ្ឆោតក្នុងការបើកគណនីលេងល្បែង ជាថ្នូរនឹងការទទួលបាននូវប្រាក់រង្វាន់ផ្សេងៗ

– លេងល្បែងអនឡាញ រហូតក្លាយជាទម្លាប់ ញៀនមិនអាចឈប់បាន ធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់សុខភាព។

– ចូលរួមក្នុងក្រុមល្បែង ចាញ់បញ្ឆោត ប្រើប្រាស់គ្រឿងញៀន និងធ្លាក់ចូលក្នុងសកម្មភាពល្មើសច្បាប់ផ្សេងៗ។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋកម្ពុជា មេត្តាជៀសឲ្យឆ្ងាយពីល្បែងអនឡាញខុសច្បាប់ ព្រោះវានឹងនាំនូវបញ្ហាផ្សេងៗ ដូចដែលបានរៀបរាប់ខាងលើ៕

មតិយោបល់