រតនគិរីៈ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ តុលាការខេត្ត ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
កម្លាំងអធិការនគរបាលក្រុងបានលុង ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពីបទចូលលួចម៉ូតូបរិវេណតុលាការខេត្តរតនគិរី។
ជនរងគ្រោះជាមន្ត្រីតុលាការម្នាក់ បានទុកម៉ូតូជាប់ជាមួយ និងសោចោលបញ្ឈរនៅក្បែរការិយាល័យតុលាការ ហើយជនសង្ស័យឃើញឱកាសល្អហុចមកឲ្យ បានជិះម៉ូតូចេញទៅបាត់ ស្រាប់តែម្ចាស់ម៉ូតូមករកម៉ូតូជិះមិនឃើញ មានការឆោឡោឡើងផ្អើលដល់សមត្ថកិច្ចនៅក្បែរនោះ ។
ជនសង្ស័យឈ្មោះ ឃាង ហាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករសំណង់។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងអធិការក្រុងបានលុង បានចុះស្រាវជ្រាវក៏ជួបប្រទះឃើញជនសង្ស័យ កំពុងតែជិះម៉ូតូម្នាក់ឯងនៅវេលាម៉ោង ៨យប់នៅថ្ងៃទី៦ ខែសីហានេះ ហើយបានឃាត់ខ្លួនបញ្ជូន មកកាន់អធិការនគរបាលក្រុងបានលុង ដើម្បីសាកសួរ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា គាត់បានទិញម៉ូតូពីគេក្នុងតម្លៃ៤០០ដុល្លារ(អាមេរិក) ប៉ុន្តែសមត្ថកិច្ចសុំរកឯកសារពាក់ព័ន្ធ និងម៉ូតូមួយគ្រឿងនេះអត់មានក៏បានឃាត់ខ្លួនតែម្តង។ ម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកនោះម៉ាក ហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-8445។
ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង និងកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់