ព្រះសីហនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងខ្លាំង ធ្លាក់ចុះយ៉ាងគំហុកជាប់គ្នាជាបន្តបន្ទាប់ បណ្តាលឲ្យជំនន់ទឹកភ្លៀងលិចផ្លូវនានាតាមទីកន្លែងទាបៗ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ តាមផ្លូវសាធារណៈជាច្រើនកន្លែងក្នុ ងយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំឲ្យកងកម្លាំងនគរបាល ទាំងអស់ ចេញអន្តរាគមន៍បង្កើនការប្រុងប្រយ័ត្ន ល្បាតការពារថែរក្សាសន្តិសុខ បង្ការទប់ស្កាត់ ក្រែងមានហានិភ័យផ្សេងៗ កើតឡើងជាយថាហេតុ រួមទាំងចាត់ឲ្យកម្លាំងនគរបាលចរាចរណ៍ ចេញសម្រួលការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋទាំងកណ្តាលភ្លៀងផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យកម្លាំងប្រចាំបញ្ជា ត្រូវបង្កើនការប្រុងប្រយ័ត្ន តាមដានស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានគ្រប់ទីកន្លែង។ ហើយបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត និងតាមក្រុង ស្រុក ត្រូវប្រមូលផ្តុំកម្លាំងមធ្យោបាយសម្ភារៈ ត្រៀមចេញធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានហេតុការណ៍កើតឡើង៕
មតិយោបល់