ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! រកឃើញទឹកត្រី ប័រ និងទឹកក្រូចដប ខូចគុណភាព

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារអូរឫស្សីថ្មី និងផ្សារគីឡូពីរ ស្ថិតនៅក្រុងស្ទឹងត្រែង។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
– ទឹកក្រូចដប ចំនួន ៦០ដប ស្មើនឹង ២៥គីឡូក្រាម
– ទឹកត្រី ចំនួន ១១ដប ស្មើនឹង ៥គីឡូក្រាម
– ប័រ ចំនួន ៥ប្រអប់តូច ស្មើនឹង ១គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ៣១គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់