ព័ត៌មានជាតិ

ជនមិនស្គាល់មុខបាញ់ប្រហារ បុរសជនជាតិចិនម្នាក់ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ជនជាតិចិនម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បាញ់ប្រហារចំនួន០៨គ្រាប់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ zhaosong ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅខុនដូរសីធីខមហ្វត ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ នៅមុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក RANGEROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8261 បាននាំប្រពន្ធទៅហូបអាហារនៅហាងចិនមួយកន្លែង ហើយផឹកស៊ីមានគ្នាចំនួន០៥នាក់ក្នុងនោះមានបុរស ០៤នាក់រួមទាំងប្រពន្ធជនរងគ្រោះម្នាក់ ។ បន្ទាប់ពីហូបអាហាររួចជនរងគ្រោះ បានបើករថយន្តត្រឡប់មក ខុនដូរសីធីខមហ្វតវិញ ។ លុះពេលធ្វើដំណើរមកដល់ ស្រាប់តែជនសង្ស័យជិះម៉ូតូ មួយគ្រឿង មិនចាំម៉ាកបានមកអែបរថយន្ត ហើយបាញ់ជនរងគ្រោះ ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត ។ ចំណែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលកាកាបទី២ បានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងកើតហេតុ សាកសួរព័ត៌មាន ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដល់ដៃ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់