ភ្នំពេញៈ យោងតាមផេកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយ លុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យផលិតឥដ្ឋនេះ គឺជាប្រសិទ្ធិភាពធំធេងមួយនៅក្នុងវិធានការណ៍ទប់ស្កាត់ និងការផ្លាស់ប្តូរឥរិយាបថ របស់កម្មករនិយោជិត និយោជក ព្រមទាំងសហគមន៍ ដើម្បីធានាថា កុមារទាំងអស់ត្រូវបានទទួលបានការការពារ កុមារដែលមានអាយុពេញវ័យ ទទួលបានការងារសមរម្យ និងការងារមិនប្រកបដោយគ្រោះថ្នាក់ នេះជាការបញ្ជាក់របស់ លោក វ៉េង ហៀង អគ្គលេខាធិការ នៃគណកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងជាប្រធាននាយកដ្ឋានកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំក្រុមអធិការរបស់ក្រសួង ចុះទៅដល់កន្លែងសិប្បកម្មផលិតឥដ្ឋដោយផ្ទាល់ ស្ថិតនៅតាមបណ្តាយ ផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។
លោកថា៖« អ្វីដែលយើងរំពឹងទុកក្នុងកម្រិតប្រសិទ្ធភាពបែបនេះ គឺកម្មករនិយោជិត និយោជកទាំងអស់គ្នា មានការយល់ដឹងពីការប្រើប្រាស់ពលកម្មកុមារ ការទប់ស្កាត់កុមារមិនឱ្យចូលទៅក្នុងសិប្បកម្មផលិតឥដ្ឋ និងការសហការល្អជាមួយស្ថាប័ន ដើម្បីឱ្យកុមារទទួលបានការរៀនសូត្រ និងទទួលបានការបណ្តុះបណ្តាលជំនាញដែលជាអនាគត ក្នុងការចូលរួមចំណែក នៅក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។
លោក វ៉េង ហៀង បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះ គឺយើងចុះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបើនៅក្នុងកម្រិតថ្នាក់ជាតិ យើងចុះបានចំនួន៤លើក លើកទីមួយ នៅឆ្នាំ២០០៨ លើកពីរ នៅក្នុងឆ្នាំ ២០១៦ លើកទីបី ២០១៩ និងយុទ្ធនាការនេះ នឹងបន្តនៅឆ្នាំ២០២០ទៀត ដើម្បីជំរុញការធានា និងការប្រើប្រាស់ ទប់ស្កាត់ពលកម្មកុមារនេះ នៅក្នុងកម្រិតមួយនៅក្នុងគ្រោះថ្នាក់សឹងតែគ្មាន ឬអាចនិយាយបានថា គ្មានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះឡើយ។
លោកអគ្គលេខាធិការ លើកឡើងបន្តថា យុទ្ធនាការការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនេះ ធ្វើឡើងក្នុងគោលបំណង ទី១.គឺការអនុវត្តអធិការកិច្ច នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដើម្បីធានាបាននូវលក្ខខណ្ឌ ការងារល្អប្រសើរ លើផលិតកម្មនៃការប្រើប្រាស់ ផលិតផលដែលធ្វើពីឥដ្ឋ ដែលជាគម្រោងមួយដ៏សំខាន់ ក្នុងការគាំទ្រដល់វិស័យសំណង់ នៅប្រទេសកម្ពុជា ទី២. គឺយើងមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ឱ្យមានការប្រឆាំង ពលកម្មកុមារតាមរយៈ និយោជក កម្មករនិយោជិត និងក្រុមគ្រួសារសហគមន៍ ដែលនៅជុំវិញបរិវេណសិប្បកម្មផលិតឥដ្ឋ ដើម្បីឱ្យពួកគាត់មានការយល់ដឹង អំពីវិធានការណ៍ និងការហាមប្រាមនៃការប្រើប្រាស់ពលកម្មកុមារ ទី៣. គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីជួយសង្រ្គោះកុមារ ដែលមានករណីមានការប្រើប្រាស់ពលកម្មកុមារ គឺយើងនឹងផ្តល់ការស្តារនីតិសម្បទា និងផ្តល់ឱកាសនូវកិច្ចអន្តរាគមន៍ស្នូរ ដើម្បីជំរុញឱ្យកុមារទាំងនេះ ទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើមានករណីណាមួយប្រើប្រាស់ពលកម្មកុមារ លោកបញ្ជាក់យ៉ាងច្បាស់ថា៖«យើងនឹងធ្វើការដាក់កំហិត បើសិនជាកម្រិតធ្ងន់ធ្ងរ យើងនឹងធ្វើការពិន័យយកតែម្តង បើករណីគ្រោះថ្នាក់ អាចបាត់បង់សារពាង្គកាយ ឬឈានដល់ការបាត់បង់អាយុជីវិតណាមួយ ក្រសួងនឹងធ្វើកិច្ចសហការជាមួយអាជ្ញាធរ ដែលពាក់ព័ន្ធ អនុវត្តក្រមព្រហ្មទណ្ឌ។ ធានាថាពួកគាត់អាចអនុវត្តច្បាប់តឹងរ៉ឹង ជាមួយនឹងយើងបាន ក្នុងន័យការពារ និងធានានូវលក្ខខណ្ឌការងារល្អ នៅក្នុងវិស័យផលិតកម្មផលិតឥដ្ឋ»។
ទន្ទឹមនឹងនេះដែរ លោកអគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានកុមាររូបនេះ ក៏បានជម្រាបទៅដល់ និយោជក កម្មករនិយោជិតថា ការហាមប្រាមពលកម្មកុមារ និងការពង្រឹងលក្ខខណ្ឌការងារល្អ និងពង្រឹងសមត្ថភាពកម្មករនិយោជិតវ័យក្មេងនេះ គឺជាការពង្រីកនូវកាលានុវត្តភាពនៃពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា និងទីផ្សារការងារដ៏ល្អប្រសើរនៅកម្ពុជា ការប្រើប្រាស់ពលកម្មកុមារមិនត្រឹមតែបង្កប៉ះពាល់ដល់អាជីវកម្មទេ ថែមទាំងសង្គមទាំងមូល សូមអាណាព្យាបាលទាំងអស់ បញ្ជូនកូនឱ្យបានទៅរៀនគ្រប់ៗគ្នា ហើយរំពឹងទុកថា កុមារទាំងអស់នេះ នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ ដែលជាទីផ្សារកម្លាំងពលកម្ម ដ៏ល្អបំផុតសម្រាប់កម្ពុជា នាពេលអនាគត៕
មតិយោបល់