ព័ត៌មានជាតិ

ដំណាំស្រូវក្នុងខេត្តសៀមរាប ជាច្រើនហិកតា អាចនឹងរងការខូចខាតទាំងស្រុង ប្រសិនបើមិនមានភ្លៀងធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ

សៀមរាបៈ យោងតាមការិយាល័យព័ត៌មាន សោតទស្សន៍ខេត្តសៀមរាប បានចុះផ្សាយ លោក លី សំរឹទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩នេះ បានឲ្យដឹងថា បច្ចុប្បន្នខេត្តសៀមរាប កំពុងតែជួបប្រទះកូនរដូវប្រាំងមួយ ដែលបានអូសបន្លាយក្នុងរយៈពេលយូរ ដោយបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះទៀតទេនោះ ដំណាំស្រូវជាច្រើនហិកតាអាចនឹងរងការខូចខាតទាំងស្រុង ហើយស្រុកដែលបានទទួលរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ។

លោក លី សំរឹទ្ធ មានប្រសាសន៍បន្ថែមថា នៅខណៈពេលនេះ អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះធ្វើការបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបានសម្រាប់តែស្រែ ដែលមានប្រព័ន្ធធារាសាស្រ្តធំៗ នៅជិតប៉ុណ្ណោះ ហើយសម្រាប់ស្រែ ដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបាននោះទេ គឺមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តសៀមរាប ដំណាំស្រូវដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត មានចំនួន១៥.៩៣៨ ហិកតា ក្នុងនោះ មានស្រូវស្រាលចំនួន ៥.១៧៣ហិកតា , ស្រូវកណ្តាលចំនួន ៨.៩៤៧ហិកតា, ស្រូវធ្ងន់ចំនួន ១.៦៥២ហិកតា និង ស្រូវចំការចំនួន ១៦៦ហិកតា លើស្រុកចំនួន ៨ ស្មើនឹង៤៧ ឃុំ និង ៣០៥ភូមិ មាន១៧.៩៥៦គ្រួសារ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរខេត្តសៀមរាប បាននាំយកស្រូវពូជចំនួន២៩តោន ទៅចែកជូនដល់ប្រជាកសិករចំនួន៥៤០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ដែលជាស្រុករងគ្រោះរាំងស្ងួតច្រើនជាងគេ ដែលពូជស្រូវទាំងនោះ ផលិតដោយកសិដ្ឋានទួលសំរោង មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥ភាគរយ ហោយធានាការដំណុះគ្រប់គ្រាប់ មិនទាបជាង៨០ភាគរយឡើយ៕

មតិយោបល់