ភ្នំពេញៈ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស៊ីស្រវឹង នៅកន្លែងគេធ្វើការងារ ស្រែកឡូឡា គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍ ចុះទៅ ប្រាប់កុំឲ្យឡូឡា មិនទាន់រួចពីមាត់ផង ស្ទុះវ៉ៃប៉ូលិសមួយដៃខៀវភ្នែកឆ្វេង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ជនដៃដល់សមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ សា សី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិពងទឹក ឃុំរកា៥ ស្រុកត្បូង ខេត្តត្បូងឃ្មុំ ។ ដោយឡែកបុរសម្នាក់ទៀត ប៉ូលិសហៅទៅសួរដែរនោះ ឈ្មោះ នឹប មាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែងកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងប្រកា ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនដៃដល់រួមជាមួយ មិត្តភក្តិរួមការងារ គ្នា៣នាក់ អង្គុយផឹកនៅរោងមួយកន្លែង ជាកន្លែងគេធ្វើការ ការដ្ឋានសំណង់ផ្សេង លុះមួយស្ទុះក្រោយមក មាន២នាក់ ងើបទៅធ្វើការបាត់ នៅតែជនដៃដល់ម្នាក់ឯង អង្គុយផឹកបន្ត ស្រែកឡូឡា រំខានដល់កន្លែងគេធ្វើការ លុះនៅវេលាម៉ោងខាងលើ គាប់ជួនកម្លាំងប៉ុស្តិ៍ល្បាតឃើញ ដើរទៅប្រាប់កុំឡូឡា ជៀសវាង រំខានដល់អ្នកដទៃ ស្រាប់តែជនបង្កស្ទុះវាយមួយដៃ ខៀវភ្នែកប៉ូលិស ចាប់ឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ និងហៅបុរសម្នាក់ទៀត ជាអ្នករួមផឹកជាមួយកាលពីព្រឹក ទៅសាកសួរផងដែរ តែគាត់មិនមែនដៃឆៅនោះទេ ។
មន្ត្រីនគរបាលរងរបួស ឈ្មោះ ស្វាយ ជុំសាគរ មន្ត្រីនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ករណីបង្កហឹង្សាមកលើសមត្ថកិច្ច ជនដៃដល់ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ នៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
មតិយោបល់