ព័ត៌មានជាតិ

អុញនោះ! អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការចំពោះអាជីវករ ដែលក្រាលកន្ទេលដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស

សៀមរាបៈ យោងតាមផេកមន្ទីរព៍ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេល៤៥ថ្ងៃទៀត អាជ្ញាធរជាតិអប្សរា នឹងបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។

ផ្អែកតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង របស់អាជ្ញាធរអប្សរា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បច្ចុប្បន្នមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ដែលសកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃ នៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈ នៃរមណីយដ្ឋានអង្គរផងដែរ។

សេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមថា កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្វើការណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែនៅតែមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួន មិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង ហើយក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ
អាជ្ញាធរជាតិអប្សរា សូមឲ្យបងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេលដាក់អង្រឹង និងសម្ភារផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ដោយទុក រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីបងប្អូនអាជីវករ និងភ្ញៀវទេសចរ នៅតែបន្តសកម្មភាពទាំងនេះ គណៈ កម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរ នឹងអនុវត្តវិធានការរដ្ឋបាល រឹបអូសសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ ។

គួររំលឹកថា វាលស្មៅមុនប្រាសាទអង្គរវត្ត បានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់សាធារណជនមួយចំនួន ដែលចូលចិត្តអង្គុយហូបអាហារជុំគ្នារាល់ពេលល្ងាចឡើង ខណៈដែលការពេញនិយមនេះ ធ្វើឲ្យក្រុមអាជីវករបានប្រជែងគ្នាដាក់កន្ទេល និងអង្រឹង ស្របទៅតាមតម្រូវការរបស់ភ្ញៀវ ៕

មតិយោបល់