ភ្នំពេញៈ ក្រោមការផ្តួចផ្តើម ឡើង ដោយ លោក ជំទាវ កែវ វង្សសៀក អគ្គនាយិកា ក្រុមហ៊ុនអូលីហ្គោត្រេតឌីង និង គ្លីនិកកែសម្ផស្សមេហ្គាប៊ែល កាលពីថ្ងៃទី១៧ ខែ ក្កកដា ឆ្នាំ ២០១៦ បានដឹកនាំបណ្តាសប្បុរសជនជាច្រើននាក់ក្រោមពាក្យស្លោក «យើងរស់ក្រោមតំបូលតែមួយ» ដើម្បីចុះជួយដល់ គ្រួសារ និង សិស្សានុសិស្សដែលកំពុងតែខ្វះខាត ដែលធ្វើឡើងនៅសាលា មឋមសិក្សាហ៊ុនសែន ឈើទាល ក្នុងទឹកដីខេត្តស្វាយរៀង។
គ្រួសារដែលកំពុងជួបនូវនូវការខ្វះខាតមានចំនួន ២៨គ្រួសារ លោកគ្រូអ្នកគ្រូចំនួន ២២នាក់និង សិស្សានុសិស្សចំនួន ៧៦៩នាក់ ដោយម្នាក់ៗទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។
ឆ្លៀតក្នុងឪកាសនោះផងដែរ លោកជំទាវបានមានប្រសាសន៌ថាប្រទេសកម្ពុជាយើងរាល់ថ្ងៃ គឺកំពុងតែអភិវឌ្ឍន៌ទៅមុខឥតឈប់ឈរ ប៉ុន្តែ ក៏នៅតែមានបងប្អូនមួយចំនួន ដែលគាត់កំពុងតែមានជីវភាពខ្វះខាតផងដែរ។
ដូចនេះហើយក្នុងន័យជួយសម្របសម្រួលដល់ការខ្វះខាតខ្លះៗ យើងខ្ញុំក៏បានបង្កើតជាមូលនិធិមួយដែលមានឈ្មោះថា “យើងរស់ក្រោមដំបូលតែមួយ” មនុស្សយើងម្នាក់ៗ តែងតែមានជីវភាពខុសៗគ្នា សូម្បីតែបណ្តាប្រទេសដែលគេជឿនលឿនខ្លាំង
ក៏នៅតែមានប្រជាជនដែលខ្វះខាតដូចគ្នាដែរ។
លោកជំទាវក៏ថ្លែងអំណរគុណដល់បណ្តាបងប្អូនសប្បុរសជនទាំងអស់ដែលតែងតែមាននូវវប្បធម៌ចែករំលែក លះបង់ថវិកាផ្ទាល់ខ្លួន សម្ភារះ និង ពេលវេលាដើម្បីបានជួយដល់គ្រួសារដែលកំពុងខ្វះខាត។ លើសពីហ្នឹងទៅទៀតលោកជំទាវ ក៏បានថ្លែងអំណរគុណផងដែរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានជួយសម្រួលដល់កម្មវិធីឲ្យ ដំណើរការបានដោយរលូន។
ទាំងអស់នេះហើយស្តែងឲ្យយើងឃើញថាកូនខ្មែរពិតជាមានបេះដូងចេះជួយគ្នា និង ចែករំលែកគ្នាយ៉ាងពិតប្រាកដមែន។
លោកជំទាវ មានជំនឿថាផលដែលបងប្អូនសប្បុរសជនទាំងអស់បាន បរិច្ចាគនាថ្ងៃនោះ ផលបុណ្យនោះ នឹងតបមកវិញជាក់ជាមិនខាន។
ខណះពេលនោះដែរលោកជំទាវ ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលជាទំពាំងស្នងប្ញស្សី ដើម្បីឲ្យក្លាយខ្លួនទៅជាមនុស្សល្អក្នុងសង្គម ជាមនុស្សជោគជយ័ និង ជាមនុស្សមានជីវភាពធូរធារ គឺក្មួយៗទាំងអស់ ត្រូវតែព្យាយាម តស៊ូ រៀនសូត្រ ឲ្យបានពូកែដើម្បីឲ្យមានចំនេះដឹង និង ជំនាញពិតប្រាកដហើយដាច់ខាតត្រូវជៀសឲ្យឆ្ងាយពីអំពើអប្បាយមុខផ្សេងៗ ។
ជារឿយៗ ក្រុមហ៊ុន អូលីហ្គោត្រេតឌីង និង គ្លីនិកកែសម្ផស្ស មេហ្គប៊ែល តែងតែបង្កើតនូវការងារមនុស្សធម៌ និងជួយដល់បងប្អូនក្រីក្រ ក្នុងសង្គមជាច្រើនលើកច្រើនសារមកហើយ និង បន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលទុកលំបាករបស់បងប្អូនខ្មែរ ដែលពួកគាត់មានជីវភាពកំពុងតែខ្វះខាត៕
មតិយោបល់