ព័ត៌មានជាតិ

កម្លាំងនគរបាលចាប់ខ្លួនអះម៉ាត់យ៉ះយ៉ាភ្លាមៗតែម្តងនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក នគរបាលជាតិ បានឲ្យដឹងថាតុលាការបានចេញដីកាបង្គាប់ឲ្យកម្លាំងនគរបាលចាប់ខ្លួនលោកអះម៉ាត់យ៉ះយ៉ាភ្លាមៗតែម្តងនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ។

លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះអ៊ី ស្មាអែលពិនឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១៥ឆ្នាំនិងបង្គាប់ឲ្យជនជាប់ចោទទាំង២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន២០០លានរៀលពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែនតាមមាត្រា១១ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៤។

នៅក្នុងសវនាការនាពេលកន្លងទៅលោកអះម៉ាត់យ៉ះយ៉ានិងក្មួយប្រុសបានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេហើយរឿងនេះត្រូវគេប្រឌិតឡើងដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។

គួររម្លឹកថាកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាប់ចោទឈ្មោះអ៊ីស្មាអែលពិនឧស្ម័នកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៨ពាក់ព័ន្ធនឹងបទល្មើសខាងលើ។

ករណីឃាត់ខ្លួនរហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះដោយសារតែជនជាប់ចោទទាំង២នាក់បានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាពទៅបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីអំឡុងឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១៧៕

 

មតិយោបល់