ព័ត៌មានជាតិ

រថយន្ដមិនចាំម៉ាក បុកម៉ូតូ១គ្រឿងពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកកោះធំ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណ:កំពុងបើកបរម៉ូតូសុខៗ មានរថយន្ដមួយគ្រឿង បើកមិនប្រយ័ត្ន បានមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ធ្វើឲ្យម៉ូតូខ្ទាតធ្លាក់ចូលក្នុងប្រឡាយក្បែចិញ្ចើមផ្លូវរងការខូចខាតធ្ងន់ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល ។

ករណីនេះ បានកើតឡើង នៅវេលាម៉ោង៥និង៤០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិព្រែកប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃ្លោក ជី ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់ ធុនសេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1J-5111 (រងរបួសធ្ងន់) ។
ចំណែករថយន្ដបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួនក្រោយបង្ក)។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជាអ្នកជិះម៉ូតូ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា ដោយល្បឿនលឿន មិនប្រុងប្រយ័ត្ន បានបុកម៉ូតូជនរងគ្រោះ ដែលបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូជនគ្រោះខ្ទាតធ្លាក់ចូលក្នុងប្រឡាយ ក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក ធ្វើការវាស់វែង និងកសាងឯកសារ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែករថយន្ដបង្ក សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់