ព័ត៌មានជាតិ

តៃកុងរថយន្ដបែនដឹកដី ត្រូវទ្រុងរថយន្តធ្លាក់សង្កត់កស្លាប់

ព្រះសីហនុ: បុរសតៃកុងរថយន្តម្នាក់ ត្រូវទ្រុងរថយន្តបែនធ្លាក់សង្កត់ ក ស្លាប់យ៉ាងអាណោចអាធ័មបំផុត ខណ:ពេលជនរងគ្រោះ បានបើកទ្រុងរថយន្តឡើងលើ ហើយដើរទៅឈរឈ្ងោកមើល ចៃដន្យទ្រុងរថយន្តរអិលធ្លាក់កៀបស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះថ្មី (ក្រុមហ៊ុន យិជៀ) ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន វណ្ណឆាយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា រថយន្តបង្កម៉ាកម៉ុងហ្គោ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ 3A 0422។ សមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់ជនរងគ្រោះ។ បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់