សៀមរាបៈ មន្ត្រីអាជ្ញាធរអប្សរាបានធ្វើការបកស្រាយថា ការបង្ហោះរូបភាពភ្ញៀវបរទេសអង្គុយលើក្បាលយក្សទាញព្រ័ត្រ នៅខ្លោងទ្វារទន្លេអ៊ុ នៃរមណីយដ្ឋានអង្គរ លើបណ្តាញសង្គមហ្វេសប៊ុក ហើយបានស៊ែតគ្នា និងមានការបរិយាយផ្សេងៗគ្នានោះតាមពិត គឺជារូបចាស់នោះទេ។
បើតាមរយៈរូបភាពព្រិលៗ ស្ទើរតែមើលមុខមិនឃើញ ដែលមានជនបរទេសស្រីប្រុសឡើងអង្គុយលើក្បាលយក្សទាញព្រ័ត្រ នៅខ្លោងទ្វារទន្លេអ៊ុនោះ អ្នកខ្លះបាននិយាយថា ជាការប្រមាថដល់វប្បធម៌ខ្មែរអ្នកខ្លះថា ជាស្តាយរបស់ជនបរទេសដែលចូលចិត្តធ្វើអ្វីប្លែកៗ ឯអ្នកខ្លះថា មកពីគេស្រឡាញ់ក្បាលយក្សនោះពេក ហើយខ្លះទៀតថា ជារូបភាពកាត់ត។ ចំណែកមគ្គុទ្ទេសក៍ ទេសចរណ៍ ម្នាក់ថា ជារូបពិតហើយទើបតែថ្មីៗនេះ ក្នុងខណៈដែលភ្ញៀវងើបមកមើលថ្ងៃរះក៏ឡើងថតទៅ។ការយល់ឃើញរៀងៗខ្លួននេះភាគច្រើនផ្តោតលើការប្រមាថដល់វប្បធម៌ខ្មែរ ពីសំណាក់ភ្ញៀវបរទេស ក្នុងនោះពួកគេក៏រិះគន់ទៅសមត្ថកិច្ចនៅទីនោះផងដែរ ដែលមានប៉ូលិសទេសចរណ៍ប៉ូលិសការពារបេតិកភណ្ឌ និងមន្ត្រីអប្សរាជាដើម។ ក្រៅពីរិះគន់ថា សមត្ថកិច្ចនៅទីនោះ ធ្វេសប្រហែស ក៏បានបញ្ជាក់ទៀតថា ជនបរទេសនោះ ជាជនជាតិរុស្សី ថតពេលទៅមើលថ្ងៃរះ(ទៀបភ្លឺ)។
ក្នុងករណីនេះ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរអប្សរា បានបកស្រាយនិងបដិសេធ ថា ពុំមែន ជាសកម្មភាពភ្ញៀវបរទេសថតក្នុងពេលថ្មីៗនេះទេ។ ចាប់ពីអំឡុងខែធ្នូឆ្នាំ២០១៥មកអាជ្ញាធរអប្សរាបានប្រកាសនិងណែនាំដល់ភ្ញៀវបរទេសគ្រប់រូបមិនឲ្យធ្វើសកម្មភាពណាមួយដែលផ្ទុយពីសេចក្តីប្រកាសនោះឡើយ។កាលពីកន្លងទៅមានភ្ញៀវខ្លះធ្វើសកម្មភាពផ្សេងៗដូចជាស្រាតថត នោះខាងអាជ្ញាធរអប្សរា បានឃាត់ខ្លួនបញ្ជូនទៅតុលាការរួចហើយដែរ។
លោកបន្តថា ទោះជាដូច្នេះក្តីក៏នៅមានភ្ញៀវខ្លះមិនទាន់បានដឹងអស់នោះដែរ។ប៉ុន្តែបើត្រឹមឡើងឈរនៅកន្លែងហាមឃាត់ គឺមន្ត្រីជំនាញដែលប្រចាំការ អាចហៅពួកគាត់មកអប់រំ ពន្យល់ ដើម្បីបញ្ឈប់សកម្មភាពទាំងនោះ។ អ៊ីចឹងទេក្នុងរយៈពេលជិតមួយឆ្នាំនេះ ពុំមានភ្ញៀវបរទេសណាប្រព្រឹត្តិអំពើណាមួយដែលមិនសមរម្យនៅក្នុងរមណីយដ្ឋានអង្គរនោះឡើយ។
លោក ឡុង កុសល បញ្ជាក់ថា ចំពោះ រូបភាពដែលបង្ហោះក្នុងសង្គមហ្វេសប៊ុកនោះលោកសុំបដិសេធថា ពុំមែនជារូបថ្មីៗនេះទេអាចជារូបច្រើនឆ្នាំមកហើយ ឬ ជារូបដែលជនបរទេសនោះបង្ហោះពីស្រុករបស់ពួកគេមក។
សូមរំឭកថា កន្លងទៅអាជ្ញាធរ អប្សរាធ្លាប់បានបង្ហាញពីក្រមសីលធម៌ របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ នានាឲ្យគោរពតាមការណែនាំនោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏គេមើលឃើញថា មានភ្ញៀវទេសចរមួយចំនួននៅមិនទាន់មានការគោរពនូវគោលការណ៍នោះនៅឡើយ៕
មតិយោបល់