ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចម៉ូតូកង់បី និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១០និង៦នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចម៉ូតូកង់បី និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហៃ ឌិ ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា នៅវេលាម៉ោង ០៣និង០០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានទុកម៉ូតូកង់បីនៅមុខផ្ទះ លុះមួយសន្ទុះក្រោយមកបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អូសម៉ូតូកង់បីរបស់ខ្លួនចេញពីមុខផ្ទះ ហើយជិះចេញទៅ ពេលនោះក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចក្រុង ហើយខ្លួនបានជិះតាមពីក្រោយជនសង្ស័យខាងលើ និងបានទាក់ទងជាមួយសមត្ថកិច្ចជាប់រហូតផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង និងដោយជនរងគ្រោះមានស្មារតីរឹងមាំ បានជិះតាមពីក្រោយជនសង្ស័យផងនោះ កម្លាំងជំនាញកងរាជអាវុធហត្ថ បានទាក់ទងជាមួយជនរងគ្រោះជាប់រហូត លុះជនសង្ស័យជិះបានចម្ងាយប្រមាណ ៣០០ម៉ែត្រ ក៏ត្រូវកម្លាំងជំនាញឃាត់ខ្លួនបានចំនួនម្នាក់ជាមួយនិងម៉ូតូកង់បី ដែលជនសង្ស័យកំពុងជិះ មានឈ្មោះ ចំរើន សារួន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយពីធ្វើការឃាត់ខ្លួន និងធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ ឃើញមានសារធាតុញៀន និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ម៉ូតូកង់បី) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកម៉ូតូកង់បី កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់