សៀមរាបៈ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ០១និង៥៤នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានភ្ញៀវទេសចរម្នាក់ឈ្មោះ WU TIANWEN ភេទស្រី អាយុ ៥៥ឆ្នាំ សញ្ជាតិ ចិន ស្នាក់នៅសណ្ឋាគារ Amour D’angkor បន្ទប់លេខ២០៩ ស្ថិតនៅក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានជនមិនស្គាល់មុខចំនួន ០៣នាក់ ជិះម៉ូតូ០១គ្រឿង មកឆក់យកកាបូបស្ពាយ០១ពីលើភ្លៅយកទៅបាត់ នៅត្រង់ចំនុចខាងត្បូងប្រាសាទបន្ទាយក្តី ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខណៈពេលគាត់កំពុងជិះរ៉ឺម៉កម៉ូតូ ពីបញ្ជាលក់សំបុត្រទស្សនាប្រាសាទ ទៅទស្សនានៅបរិវេណប្រាសាទអង្គរធំ ដែលសម្ភារៈនៅក្នុងកាបូបនោះមាន៖
-លិខិតឆ្លងដែនចំនួន ០២ក្បាល
-លុយខ្មែរចំនួន ៣ម៉ឺនរៀល
-លុយដុល្លារចំនួន ២០០ដុល្លារអាមេរិក
-លុយចិនចំនួន ៥១០០យន់
-អត្តសញ្ញាណបណ្ណចំនួន ០២សន្លឹក និងបណ្ណឥណទានចំនួន ០៦សន្លឹក។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា លុះដល់ម៉ោង ០៤និង៤០នាទីល្ងាច សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ដែលជិះម៉ូតូឆក់កាបូបភ្ញៀវខាងលើ ហើយក៏ដេញតាម និងស្ទាក់ចាប់ បន្ទាប់មកជនសង្ស័យបានបើកគេចខ្លួនដល់ត្រង់ចំណុចក្បែរប្រាសាទតាព្រហ្ម ក្នុងពេលនោះជនសង្ស័យចំនួន ០២នាក់ បានចុះពីលើម៉ូតូហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់ រីឯជនសង្ស័យម្នាក់ទៀត ក៏បានបើកម៉ូតូគេចរហូតដល់ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ពេលឃើញសមត្ថកិច្ច ក៏បើកម៉ូតូចូលក្នុងព្រៃហើយទុកម៉ូតូចោលរួចគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចស្វែងរកឃើញ និងឃាត់ខ្លួនបានតែម្តង ។
ជនសង្ស័យឈ្មោះ ម៉ៅ រតនា ហៅណាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ជាអ្នកបើកម៉ូតូ ម៉ាកហុងឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួលេខម៉ាស៊ីន ៥៥០៥២៧៥ ហើយក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចក៏នាំជនសង្ស័យទៅយកវត្ថុតាង ជាកាបូបយួរដៃពណ៌ខ្មៅចំនួន០១ ដែលបក្ខពួកជនសង្ស័យបោះចោល ដែលនៅក្នុងកាបូបនោះ រកឃើញមាន៖
-លិខិតឆ្លងដែនចំនួន០២ក្បាល
-អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន០១សន្លឹក
-កាតATM ចំនួន០២ សន្លឹក
-ឆ័ត្រចំនួន ០១
-កាបូបដៃដាក់ប្រាក់ពណ៌ខ្មៅចំនួន០១
-ប្រាក់កាក់ចំនួន០៨កាក់
-ក្រដាស់ប្រាក់ចិន ប្រភេទ០១យន់ មានចំនួន ៩៦សន្លឹក
-កូនសោរចំនួន០១ និង សំបុត្រចូលទស្សនាប្រាសាទ ចំនួន០១សន្លឹក រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
មតិយោបល់