ព័ត៌មានជាតិ

សង្វេគណាស់! ក្មេងប្រុសម្នាក់ធ្លាក់ពីលើអាគារកំពស់០២ជាន់ស្លាប់ភ្លាមៗ

បាត់ដំបង: ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានធ្លាក់ពីលើអាគារកម្ពស់២ជាន់បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះបុរីបន្ទាយគុយសេ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ មឿន ប៊ុណ្ណា អាយុ១៤ឆ្នាំ រស់នៅផ្ទះលេខ១៣១ ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះខាងលើរួមនឹងក្មេងប្រុសពីរនាក់ផ្សេងទៀតដែលក្នុងនោះម្នាក់ជាប្អូនបង្កើតបាននាំគ្នាលួចឡើងចូលផ្ទះបុរីដែលម្ចាស់គេចាក់សោទ្វារទុកចោល លុះក្រោយមកក៏មានការភ្ញាក់ផ្អើលដោយសារក្មេងប្រុសដែលត្រូវជាប្អូនបង្កើតរបស់ក្មេងរងគ្រោះបានរត់ស្រែកយំឲ្យគេឯងជួយភ្លាមនោះប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នារត់ទៅមើលនិងរាយការណ៍ទៅម្ចាស់ផ្ទះបុរីរួមនឹងសាច់ញាតិក៏ដូចជាសមត្ថកិច្ចចុះទៅមើលផងដែរ។

ឪពុកម្តាយក្មេងរងគ្រោះបានទៅដល់និងបានដឹកកូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យពោធិ៍ពី ស្ថិតក្នុងក្រុងបាត់ដំបង។
ហើយក្មេងប្រុសរងគ្រោះខាងលើ គឺបានស្លាប់តាំងពីនៅកន្លែងកើតហេតុមកម្លេះ ដោយសារឪពុកម្តាយមិនអស់ចិត្តទើបគាត់ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីឲ្យអស់ចិត្ត។
សពក្មេងប្រុសខាងលើត្រូវបានក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបានប្រគល់ឲ្យខាងក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់