ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ចាបហួយ និងបានបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ដោយសារតែផ្ទុះកំប៉ុងហ្គាស កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៥៨ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះមានឈ្មោះ ហេ ប៉ន ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ ចាបហួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកឯប្រពន្ធឈ្មោះ ជួន ម៉ាលឹក ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរ នៅផ្ទះ បានរងរបួសធ្ងន់ចំដៃខាងឆ្វេង ជើងខាងឆ្វេង និងថ្លល់ខាងឆ្វេង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលក់ចាប់ហួយនៅខាងមុខផ្ទះ ហើយបានដាក់កំប៉ុងហ្គាសនៅជិតនិងធុងសាំង ខណៈពេលនោះ ស្រាប់តែបានលឺសូសម្លេងផ្ទុះយ៉ាងខ្លាំង ហើយបានបង្កជាអគ្គិភ័យឆាបឆេះគ្រែងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ភ្លាមៗនោះ ប្រជាពលរដ្ឋតែនៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់យកមកបាញ់។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។
ក្រោយពីរថយន្តពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍រួចមក អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១១និង១០នាទីព្រឹក ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានបាញ់ពន្លត់អស់ចំនួន១គ្រឿង៕
មតិយោបល់