កំពង់ឆ្នាំងៈ យោងតាមផេកវិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១៩ សីហា ២០១៩ នៅថ្ងៃដំបូងបានចាប់ផ្តើមដំណើរហើយ នៅគ្រប់មណ្ឌលប្រឡងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ។ ជាក់ស្តែងនៅព្រឹកនេះបេក្ខជនត្រូវប្រឡងវិញ្ញាសាចំនួនពីរគឺ ប្រវត្តិវិទ្យានិង ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ។ ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ដំណើរការសំណេរមួយព្រឹកថ្ងៃទី១៩ ខែសីហា នេះបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព មិនប្រក្រតីណាមួយ កើតឡើងគួរឲ្យ កត់សម្គាល់។ នៅតាមមណ្ឌល ប្រឡងទាំង៨ មានដំណើរការល្អ មានសភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមាន ការចិត្តយកទុកដាក់ និងទំនួលខុសត្រូវ ខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលប្រឡង គណៈកម្មការអនុរក្ស និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការ តាមសមត្ថភាពរៀងៗខ្លួន។
គួរបញ្ជាក់ថា ដំណើរការសំណេរមួយព្រឹក នៅគ្រប់មណ្ឌលប្រឡង មានការរៀបចំ កម្លាំង ការពារសន្តិសុខ សុវត្ថិភាពដល់បេក្ខជន និងអាណាព្យាបាលបេក្ខជន រក្សា សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមមណ្ឌលប្រឡង និងសុវត្ថិភាពដឹកជញ្ជូន និងការរក្សាទុក ដាក់ហិបវិញ្ញាសា និងដុំកិច្ចការរបស់បេក្ខជនផងដែរ៕
មតិយោបល់