ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សប្រមាណជាង៦លាននាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារផ្សែងបារីក្នុង១ឆ្នាំៗ ដែលគិតជាមធ្យមប្រមាណជា១៦.៤៣៨នាក់ក្នុងមួយថ្ងៃ ក្នុងនោះអ្នកស្រូបផ្សែងបារីពីគេប្រមាណជាង៦សែននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានបង្ហាញនៅក្នុងសិក្ខាសាលាស្តីពី ការងនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដែលបានបធ្វើឡើងនៅក្នុងទីស្តីការក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែកក្កដា នេះថា ចាប់ពីឆ្នាំ១៩៩០ ដល់ ២០១០ ពិភពលោកទាំងមូលទទួលបានជោគជ័យក្នុងការកាត់បន្ថយអាត្រាស្លាប់ដោយសារជំងឺឆ្លង។ ប៉ុន្តែអាត្រាស្លាប់ដោយសារជំងឺមិនឆ្លងបានកើនឡើងគួរឲ្យព្រួយបារម្មណ៍មានរហូតដល់ទៅជាង៦៣ភាគរយច្រើនជាងជំងឺឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឹមហារីក និងជំងឺដាច់សរសៃឈាមជាដើម ។
លោកវេជ្ជបណ្ឌិតបន្តថា ការស្លាប់ដោយសារជំងឺមិនឆ្លងទាំងនោះមិនបណ្តាលមកពីមេរោគទេ គឺត្រូវបានគេរកឃើញថា អាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ថ្នាំជក់ គ្រឿងស្រវឹងកង្វះពលកម្ម និងបញ្ហារបបអាហារ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ផ្សែងបារីជាមូលហេតុទីមួយដែលនាំឲ្យកើនមានជំងឺមិនឆ្លងទាំងនោះ ព្រោះថាអង្គការសុខភាពពិភបលោកបានរកឃើញថា នៅក្នុងផ្សែងបារីមានសារធាតុគីមីរហូតដល់ទៅជាង៧ពាន់ប្រភេទ ហើយភាគច្រើននៃសារធាតុគីមីនៅក្នុងផ្សែងបារីគឺមានជាតិពុល ជាតិញៀននិងធ្វើឲ្យខូចដល់កោសិការ រាងកាយ និងប្រព័ន្ធខួរក្បាលយ៉ាងធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិតទៀតផង។ នៅក្នុងប្រទេសកម្ពុជាមានអ្នកស្លាប់ប្រមាណជាង១ម៉ឺននាក់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្ករដោយការប្រើប្រាស់ថ្នាំជក់។
ចំណែកលោស្រី ឈា ឆដាភា មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ច្បាប់ស្តីពីការពិនិត្យឆ្នាំជក់ និងបទដ្ឋាននានាគឺផ្អែកទៅលើសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញានោះ គេបានពិនិត្យនិងសិក្សាពីស្ថានភាពជាក់ស្តែងរបស់កម្ពុជាលើការថែទាំសុខមាលភាពប្រជាជន។
លោកស្រីបន្តថា ច្បាប់ស្តីពីការត្រួតពិនិត្យផលិផលថ្នាំជក់ និងអនុក្រិត្យ ស្តីពីវិធានការហាមជក់ នៅកន្លែងធ្វើការនិង ទីសាធារណៈ ដែលតម្រូវឲ្យអ្នកជក់បារីនិងភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនោះច្បាប់នេះក៏បានកំណត់ និងដាក់ទោសទ័ណ្ឌដល់អ្នកប្រព្រឹត្តិមិនគោរពច្បាប់ដោយពិន័យជាប្រាក់ចាប់ពី២ម៉ឺនរៀលដល់៥ម៉ឺនរៀលទៅតាមបទល្មើសជាក់ស្តែងដែលគេបានបំពាន។
លោក ហោសារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកឡើងថា បញ្ហាសុខភាពប្រជាពលរដ្ឋនិងសុខភាពភ្ញៀវទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដែលក្នុងនោះបរិស្ថាបគ្មានផ្សែងបារី ឬហៅថា smoke free ជាបរិបថមួយដែលពិភលោកក៏ដូចជាតំបន់បាន និងកំពុងយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យផលិផលថ្នាំជក់ដែលអាចប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ពលរដ្ឋទូទាំងពិភពលោក។
លោកអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ក្នុង១ឆ្នាំហើយ៨០ភាគរយនៃអ្នកស្លាប់ គឺស្ថិតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តួយ៉ាងកម្ពុជាជាដើម៕
មតិយោបល់