កោះកុងៈ យោងតាមផេករបស់អគ្គនាយកដ្ឋាន កាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារដងទង់ និងហាងលក់ទំនិញជុំវិញផ្សារស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ មួយចំនួន។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់