ព័ត៌មានជាតិ

បញ្ហា​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ខាង​កូរ៉េ​កំពុង​បង្កើត​ក្រុម​មួយ​ដើម្បី​ស៊ើបអង្កេត​

​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​របស់​ជប៉ុន​រាយ​កាណ៍ ថា ក្រុង​ព្យុងយ៉ាង​ទំនងជា​នឹង​ជូនដំណឹង​ដល់​ក្រុង​តូ​ក្យូ ពី ការបង្កើត​ក្រុម​មួយ​របស់​ខ្លួន​ដើម្បី​ទទួល ធ្វើការ​ស៊ើបអង្កេត​ថ្មី នៅ​ក្នុង​ការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ។​

​ក្យូ​ដូ​បាន​និយាយថា កិច្ចប្រជុំ​ពីរ​ថ្ងៃ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែកក្កដា ហើយ​លោក សុង អ៊ី​ល ហូ (Song IL Ho) ឯកអគ្គរដ្ឋទូត​របស់​កូរ៉េ​ខាងជើង សម្រាប់​កិច្ចចរចា ធ្វើឱ្យ​មាន​ទំនាក់ទំនង​ជា ប្រក្រតី​ឡើងវិញ​ជាមួយ​ជប៉ុន​គេ​រំពឹងថា នឹង​ពន្យល់​នូវ​រចនាសម្ព័ន្ធ​របស់​ក្រុម​នេះ ដល់​លោក ជូ​នី​ស៊ី អ៊ី​ហា​រ៉ា ( Junichi Ihara ) អគ្គនាយក​ការិយាល័យ​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៅឯ​ក្រសួង​ការបរទេស​ជប៉ុន ។​

​ជប៉ុន និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀងគ្នា កាលពី​ចុងខែ​ឧសភា​ថា កូរ៉េ​ខាងជើង​នឹង​បង្កើត គណៈកម្មាធិការ​មួយ ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ឡើងវិញ​នូវ ទី​កន្លែង​នៃ​ជនជាតិ​ជប៉ុន ដែល​គេ​ចាប់ពង្រត់​ហើយ​ជា​ការឆ្លើយតប​វិញ ជប៉ុន​នឹង​លុបចោល​ទណ្ឌកម្ម​ជា​ឯកតោភាគី​ខ្លះ ដែល​បាន​ដាក់​លើ​កូរ៉េខាងជើង ។​

​កាលពី​ឆ្នាំ​២០០២ កូរ៉េ​ខាងជើង​បាន​ទទួល​ស្គាល់​ថា មានការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ១៣​នាក់ នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ និង​១៩៨០ ប៉ុន្តែ​បាន និយាយ​ដដែលៗ ចាប់​តាំងពី​នោះ​មក​ថា បញ្ហា​នេះ​គេ​បាន​ដោះស្រាយ​រួច​ហើយ​ជាមួយ​ប្រទេស​ជប៉ុន ដោយ​មាន​អ្នក​ដែល​គេ​ចាប់ពង្រត់​៥ នាក់ ត្រូវ បាន​គេ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​នៅ​ប្រទេស​ជប៉ុន ហើយ​អ្នក​នៅ​សល់​៨​នាក់ ត្រូវបាន​គេ​ប្រកាសថា ស្លាប់ ៕​
Song IL Ho

មតិយោបល់