ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌខឹងប្រពន្ធចង់យកប្ដីក្មេង កាប់ជាច្រើនកាំបិត រងរបួសធ្ងន់

កំពតៈ រឿងរ៉ាវប្ដី/ប្រពន្ធលែងលះគ្នាអស់រយៈពេលជិតមួយឆ្នាំទៅហើយ បុរសជាប្ដីបានមកសុំប្រពន្ធរួមរស់វិញ តែប្រពន្ធមិនព្រម ប្ដីខឹងទាញកាំបិតកាប់ប្រហារលើប្រពន្ធរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ប្តីជាជនបង្កមានឈ្មោះ ឈឹម សិលា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត ស្ថិតនៅភូមិកើតហេតុខាងលើ ។ ប្រពន្ធរងគ្រោះឈ្មោះ ធី សៀកឡេង អាយុ២០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិកំពង់ដំរី ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

តាមសំដីស្ត្រីចំណាស់ឈ្មោះ អ៊ិន សារួន អាយុ៧០ឆ្នាំ ជាម្តាយក្មេកស្ត្រីរងគ្រោះបានឲ្យដឹងថា កូនប្រុសគាត់ និងកូនប្រសាស្រីនេះ កន្លងមកបានឈ្លោះប្រកែកគ្នារួចបានបានលែងលះគ្នាក្រៅប្រព័ន្ធតុលាការអស់រយៈពេល៥ខែមកហើយ គេទាំងពីរនាក់ មានកូនប្រុសមួយអាយុ៣ឆ្នាំ។ ក្រោយពេលលែងលះគ្នា កូនប្រសាស្រីបានទៅរស់នៅឯស្រុកកំណើតជាមួយម្តាយរបស់ខ្លួននៅខេត្តកណ្តាល។

ចំណែកកូន ម្តងយកទៅតាមខ្លួន ម្តងយកមកឲ្យប្តី នៅមុនពេលកើតហេតុ កូនប្រសាស្រីបានមកលេងកូន ដែលបានវេចបង្វេច ខោអាវមកជាមួយផង។

ប្រភពបន្តទៀតថា ក្រោយពីមកដល់ផ្ទះបុរសជាប្ដីអង្វរប្រពន្ធថា មកនៅផ្ទះវិញមក មាត់និយាយផង និងដើរមកយកបង្វេច ខោអាវរបស់ប្រពន្ធយកទៅទុកក្នុងផ្ទះ។ ស្រាប់តែនាងជាប្រពន្ធឆ្លើយថា អញមិនយកឯងវិញទេ បើអញយកប្តីទៀតអញយកប្រុសក្មេងវិញ និយាយហើយចូលទៅយកបង្វេចខោអាវរបស់ខ្លួនមកវិញ រួចនិយាយតបទៅប្តីទៀតថា អញមិនដេកផ្ទះនេះ ជាមួយឯងទៀតទេ អញទៅដេកផ្ទះបងអញវិញ ឯងនៅដេកឱបកូនចុះ។

និយាយឌឺដាក់គ្នាទៅវិញទៅមក កាន់តែធ្វើឲ្យប្តីមានចិត្តប្រច័ណ្ឌ ក៏ទាញកាំបិតតាំងតោកាប់ប្រពន្ធពីរបីកាំបិត បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ត្រង់ថ្ពាល់ខាងស្តាំ និងក្បាលពីរកន្លែង ព្រមទាំងកំភួនដៃស្តាំមួយកន្លែងហូរឈាមសន្លប់ក្នុងថ្លុកឈាម ហើយត្រូវក្រុមគ្រួសារខាងប្តីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកប្តីក្រោយពីធ្វើសកម្មភាពរួចបានជិះរថយន្តរត់គេចខ្លួនបាត់។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលក្រុងសហការ និងកម្លាំងរបស់ស្នងការខេត្តទៅដល់ពិនិត្យកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងពីការប្តីប្រច័ណ្ឌប្រពន្ធថាឈប់យកខ្លួន ទៅយកប្រុសក្មេងវិញទើបប្តីប្រច័ណ្ឌ ផ្ទុះកំហឹងរួចរត់គេចខ្លួនបាត់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនបុរសជាប្ដី ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់