ស្វាយរៀងៈ នៅវេលាម៉ោងប្រហែល ៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានករណីគរុសិស្សម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់លើកុដព្រះសង្ឃ ក្នុងវត្តព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ជនរងគ្រោះឈ្មោះ គង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែក មុខរបរជាគរុសិស្សថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង។
ជនរងគ្រោះ បានស្ម័គ្រចិត្តចូលបំពេញការងារជាអ្នកឈរយាមឆែកឆេ និងសង្កេតមើលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩សីហានេះ នៅមណ្ឌលវិទ្យាល័យស្វាយរៀងក្រុងស្វាយរៀង។
បន្ទាប់ពីបានបំពេញការងាររយៈពេល២ថ្ងៃ គឺថ្ងៃទី១៩និងទី២០សីហា ក៏ត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះមកសុំព្រះសង្ឃស្នាក់ នៅសិក្សារយៈពេល១ឆ្នាំមកហើយ ស្រាប់តែព្រឹកឡើងឃើញដេកស្លាប់តែម្តង។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គ (គាំងបេះដូង) រួចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
មតិយោបល់