ព័ត៌មានជាតិ

មីឡូ មីសួរ កាហ្វេ ត្រចៀកកាំ ត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញមានសារធាតុគីមី

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារអ្នកលឿង ស្ថិតនៅ ភូមិ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ៧ មុខ ស្មើនឹង ១២ គំរូ មានដូចជា៖ ត្រីងៀត ត្រីប្រលាក់ ត្រីប្រាសាច់ ក្បាលត្រីប្រលាក់ ណែមត្រី សាច់ក្រក យីហ៊ី បង្គាក្រៀម ផ្លែមាន ផ្លែសាវម៉ាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិត ផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ និងបានរកឃើញទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ចំនួន ៧ មុខ ដូចជា÷
-ភេសជ្ជៈ ៦ ដប ស្មើនឹង ៣ គីឡូក្រាម
-មីឡូ ១០ ដប ស្មើនឹង ៥ គីឡូក្រាម
-ទឹកចាហ៊ួយក្រឡុក ២១ ដប ស្មើនឹង ៦ គីឡូក្រាម
-ប្រេងម្ទេស ៦ ដប ស្មើនឹង ៤ គីឡូក្រាម
-មីសួរ ៩ កញ្ចប់ ស្មើនឹង ២.៧ គីឡូក្រាម
-ទឹកត្រចៀកកាំ ៥ កំប៉ុង ស្មើនឹង ១ គីឡូក្រាម
-កាហ្វេ ១ កញ្ចប់ ស្មើនឹង ១ គីឡូក្រាម
សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២២.៧ គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិត ផលម្ហូបអាហារ ដែលខូចគុណភាបន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕

មតិយោបល់