ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ឆក់ទូរស័ព្ទ

បន្ទាយមានជ័យ: នៅវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួច(ឆក់ទូរស័ព្ទ) និងឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះឈ្មោះ ដែង ឈីងឈីង ភេទ ស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខ្លួននិងមិត្តភ័ក្តជាជនជាតិចិនដូចគ្នាម្នាក់ទៀត បានដើរលេង និងរកទិញឥវ៉ាន់នៅម្តុំមុខកាស៊ីណូហ្គោលដិន ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា ០៣នាក់ ជិះម៉ូតូ ០១គ្រឿង បានមកឆក់ទូរស័ព្ទពីដៃរបស់ខ្លួន ពេលនោះខ្លួនបានស្ទុះចាប់ប្រតាយគ្នាព្រមទាំងស្រែកឲ្យគេជួយ បណ្តាលឲ្យម៉ូតូជនសង្ស័យដួល ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយទទួលបានដំណឹងថាមានករណីចោរឆក់ កម្លាំងកងរាជអាវុធហត្ថដែលឈរជើងនៅក្បែរនោះ បានចូលទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួត ឈឿត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ចំណែកជនសង្ស័យ ០២នាក់ទៀត បានស្ទុះលើកម៉ូតូជិះគេចខ្លួនបាត់។ ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ។
ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់នារីជនជាតិចិនខាងលើ ពិតប្រាកដមែន ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួច(ឆក់ទូរស័ព្ទ) ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់