ព័ត៌មានជាតិ

កម្ពុជា-ស្វីស ពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗរាប់បញ្ចូលការអភិវឌ្ឍ សេដ្ឋកិច្ច និងនយោបាយ

ភ្នំពេញៈ កម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃប្រទេស ស្វីស បានពិគ្រោះយោបល់គ្នា ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ទំនាក់ទមនងទ្វេភាគីកម្ពុជា-ស្វីស ដោយរាប់បញ្ចូលការអភិវឌ្ឍ សេដ្ឋកិច្ច និងនយោបាយនៃប្រទេសទាំងពីរ ការអភិវឌ្ឍន៍ថ្នាក់តំបន់នៅអាស៊ីអឺរ៉ុប ក៏ដូចជាបញ្ហាសាកលសំខាន់ៗ។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ហើយនេះក៏ជាការពិគ្រោះយោបល់ទ្វេភាគីជាលើកទី២ នៅរាជធានីភ្នំពេញ ដោយភាគីកម្ពុជាដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយឡែកគណៈប្រតិភូស្វីស ដឹកនាំដោយលោក Johannes Matyassy ឧបការីក្រសួងការបរទេសស្វីស។

លោក អ៊ុច បូររិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាក្រោមបរិយាកាសស្មោះត្រង់ និងជិត ស្និទ្ធ ដោយពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងជាពហុភាគី។ លោកបានបន្ថែមថា លោកបានប្រាប់ឧបការិនីក្រសួងការបរទេសស្វីសថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរក្សានូវស្ថេរភាពនយោបាយ ដើម្បីបង្កបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត។

ឆ្លើយតបរបាយការណ៍របស់សភាអាមេរិក និងសហភាពអឺរ៉ុប អំពីស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់ លោក Johannes Matyassy ថា របាយការណ៍នោះ គឺយកតែម្ខាង ដោយមិនបានសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីស្ថានភាពពិតនៅ ក្នុងប្រទេសកម្ពុជាឡើយ ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយឡើយ។

បើតាមលោក អ៊ុច បូររិទ្ធ ភាគីស្វីស បានចាត់ទុកថា បញ្ហានេះគឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយស្វីសមិនលូកដៃនោះឡើយ តែ ស្វីស ក៏នឹងកត់សម្គាល់រង់ចាំមើលពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឲ្យល្អប្រសើរលើស្ថានភាពនយោបាយនេះផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ស្វីស ក៏បានបង្ហាញការគាំទ្រ និងសន្យាធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់។ ក្នុងជំនួបនេះភាគីទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងនូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយលោកក៏បានស្នើឲ្យ ប្រទេស្វីសបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ឆ្លើតបសំណើនេះ លោក Johannes Matyassy បានគូសបញ្ជាក់ថា ស្វីសនៅតែបន្តជួយផ្តល់ជំនួយជួយមន្ទីរពេទ្យគន្ធបុប្ផា តែមិន បង្កើនទំហំទឹកប្រាក់នោះឡើយ ហើយលោកស្នើឲ្យលោក រិចឆ្នឺរ និងរាជរដ្ឋាភិបាល ពិភាក្សារកគោលការណ៍រួមមួយ ដើម្បីធានាដល់និរន្តរភាពរបស់មន្ទីរពេទ្យមួយនេះ។

ក្នុងជំនួបនេះកម្ពុជា-ស្វីស បានប្រកាសគាំទ្រគ្នាទៅវិញទៅមកក្នុងការឲ្យស្វីស ក្លាយជាសមាជិកដៃគូតាមផ្នែករបស់អាស៊ាន និងគាំទ្រ កម្ពុជាជាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម៕

មតិយោបល់