ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងតែកក្រើកទៀតហើយ តារាល្បីៗប៉ះគ្នា លើ Live Band ដោយក្រុមចចកសមុទ្របែបនេះ

ថ្វីដ្បិតតែកន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះ មិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែលគេហៅថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា។

លោក ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រកាសជាសាធារណ:ថា ដើម្បីឲ្យការប្រគំតន្ត្រី នៅក្នុងប្រទេសកូរ៉េទទួលបាន ការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រ និងយកឩបករណ៍តន្ត្រីទៅដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀង ដោយការចាក់សាច់ភ្លេងទៀតទេ។

លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។ ការប្រគំតន្ត្រីដែលក្រុមហ៑ុន របស់លោក នឹង Live Band នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែ៩ ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយក ទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ លោក ប៉ែន ចំរ៉ុង លោក ខេម កញ្ញា អុីវ៉ា និង គូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត។

ការប្រគំលោកថា សម្ដែងតែមួយពេលប៉ុណ្ណោះ ដោយលោកប្រកាសថា បងប្អូនពលករខ្មែរ នៅក្នុងប្រទេសកូរ៉េ នឹងកាន់តែសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ត្រី Live Band ដោយផ្ទាល់ ហើយលេងដោយក្រុមចចកសមុទ្រដ៍ល្បីល្បាញទៀត៕

មតិយោបល់