ព័ត៌មានជាតិ

លោកតា​វ័យ​៨១​ឆ្នាំ ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកតា​វ័យ​៨១​ឆ្នាំ​ម្នាក់ ត្រូវបាន​រថយន្តបុក​ស្លាប់​ភ្លាមៗ ខណ:​បើក​ម៉ូតូ​ឆ្លងផ្លូវ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៦ ​និង​០៥​នាទី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ទីប្រជុំជន ត្រង់ចំណុច​ចន្លោះ​បង្គោល​លេខ​០៣០១-០៣០២ ស្ថិតក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ មិន សា​វី ភេទ​ប្រុស អាយុ​៨១​ឆ្នាំ នៅ​ភូមិ​ជប់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​(​គ្មាន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ចាស់ ធុន​សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1G.6751 ។ ចំណែក​រថយន្ត​ដែល​បុក​ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0241 អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ​(​រត់គេចខ្លួន​បាត់​)​។​

​លោក​អធិការ​បានបញ្ជាក់​ទៀតថា​៖ តាម​ការ​ឲ្យ​ដឹង​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើកបរ​ម៉ូតូ​តាម​ផ្លូវលំ ​ក្នុង​ទិស​ខាងជើង​ទៅ​ត្បូង ពេលមកដល់​កន្លែងកើតហេតុ​ បាន​ឆ្លងផ្លូវជាតិ​លេខ​៦ ស្របពេលនោះ រថយន្ត​បង្ក​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ខ្ទាត​បោក​ក្បាល​ ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង ។​

​ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​ស្រាល ។ សព​ជនរងគ្រោះ ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ ចាត់ចែង​ធ្វើបុណ្យ​ក្រោយពី​ធ្វើការ​វាស់វែង​រួច ។ ចំណែក​វត្ថុតាង​រថយន្ត ​និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

មតិយោបល់