ភ្នំពេញៈ កម្មករជាងផ្សារដែកម្នាក់ ខណៈដែលកំពុងឈរធ្វើការងារក្នុងក្រុមហ៊ុន ស្រាប់តែងងិតមុខដួលបោកបែកក្បាល បត់.កស្លាប់មួយរំពេច ផ្អើលកម្មករ ខាងក្រុមហ៊ុន ខ្លាចខ្ចរខ្ចាយព័ត៌មាន បានដឹកសាកសពយកទៅសង្គ្រោះ នៅគ្លីនិកឯកជន គ្រាន់តែដល់មុខគ្លីនិក គ្រូពេទ្យដឹងថា ជនរងគ្រោះស្លាប់ហើយ មិនឲ្យយកសពចូល ទើបដឹកសាកសព យកទៅវត្តកំបូលវិញ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មកម្លេះនៅក្រុមហ៊ុន ជី ស៊ី ប៊ត ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល តែចុងក្រោយលាក់ព័ត៌មានមិនជិត នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃដដែល ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះទៅសាកសួរ ដល់វត្តកំបូល ។
ជុំវិញករណីស្លាប់ របស់ជនរងគ្រោះខាងលើ ទាំងខាងឡានដឹកសព ទាំងខាងក្រុមហ៊ុន ដែលជនរងគ្រោះធ្វើការ ដូចជាលាក់លៀមរឿង មិនដឹងថា មានអាថ៌កំបាំងអ្វី បានជាលាក់ម្លឹងៗ ខណៈដែលជនរងគ្រោះ មានស្នាមរយះក្បាល ដាមឈាម តែត្រូវបានគេថា ស្លាប់ដោយខ្យល់គ ។
ជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ទុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកម្មករជាងផ្សារដែកនៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។
បើតាមឲ្យដឹងទាំងលាក់លៀម ថា មុនកើតហេតុ ជនរងគ្រោះ កំពុងឈរធ្វើការងារបណ្តើរ ឈរជជែកលេងជាមួយកម្មករផ្សេងបណ្តើរ ស្រាប់តែនៅវេលាម៉ោង១០និង៣០នាទី ជនរងគ្រោះខ្យល់គ ដួលបោក ទើបបែកក្បាល ដោយរងរបួសធ្ងន់ ក៏ដឹកយកទៅពេទ្យតាមរថយន្តក្រុមហ៊ុន តែដល់មុខគ្លីនិកជនរងគ្រោះ បានស្លាប់ទៅហើយ ទើបដឹកតាមរថយន្តផ្សេងយកទៅវត្តកំបូលតែម្តង ។
យ៉ាងណាមិញ ខាងប៉ូលិស ទាំងជំនាញ និងមូលដ្ឋាន បានឲ្យដឹងថា ខាងក្រុមហ៊ុនមិនបានហៅឡានណា ឲ្យមកដឹកសពឡើយ ។
ក្នុងករណីស្លាប់បុរសខាងលើ ដូចមានការលាក់លៀម ពីខាងក្រុមហ៊ុន តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវ ជុំវិញករណីខាងលើ៕
មតិយោបល់