ព័ត៌មានជាតិ

ប្រទះឃើញស្រ្តីម្នាក់ត្រឡប់មកពីប្រទេសចិនវិញ មានសតិវង្វេងសង្ស័យមេខ្យល់នាំយកទៅលក់

ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញចុះពីយន្តហោះដែលមកពីប្រទេសចិនហើយនាងបានដើរក្នុងស្ថានភាពមិនប្រក្រតី ខណ:នោះបុគ្គលិកបម្រើការនៅព្រលានយន្តហោះបានសាកសួរទើបដឹងថានាងមានសតិមិនប្រក្រតី។ប៉ុន្តែមិនមែនបានន័យថានាងមានស្ថានភាពបែបនេះតាំងពីកំណើតមកទេ គឺនាងត្រូវបានគេធ្វើបាបរហូតក្លាយទៅជាមនុស្សបែបនេះ ព្រោះតែចាញ់បោកមេខ្យល់នាំទៅធ្វើការប្រទេសចិន។

នាងត្រូវបានគេប្រទះឃើញចុះពីយន្តហោះកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតវេលាព្រឹក ថ្ងៃដដែលទើបរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍កាកាប១ចុះទៅយកនាង។

សមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ខ្លួនស្រ្តីរូបនេះមិនមានលិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណទេ គឺមានតែលិខិត១សន្លឹកដែលខាងប្រទេសចិនបញ្ជូននាងមក ហើយតាមរយ:លិខិតនោះសរសេរជាអក្សរចិនខ្លះនិងអង់គ្លេសខ្លះទើបស្គាល់ឈ្មោះរបស់នាង គឺឈ្មោះ តុន សោភ័ណ អាយុ ៣២ឆ្នាំ ប៉ុន្តែមិនដឹងថាមានទីលំនៅក្នុងភូមិ ឃុំ ស្រុក ខេត្តណាឡើយ។ ម្យ៉ាងទៀតនៅពេលសាកសួរនាងមិនបានចាំពីទីលំនៅដែលនាងរស់នៅឡើយ តែបាននិយាយថា នាងចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិនរយ:ពេល៥ខែមកហើយ និងត្រូវបានគេធ្វើបាបខ្លាំងណាស់។ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមគ្រួសារទៅទទួលយកនាងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពុំទាន់ដឹងថារកឃើញឬមិនឃើញនៅឡើយ៕

មតិយោបល់