ព័ត៌មានជាតិ

សាខាពន្ធដារខេត្តសៀមរាប ជំរុញឲ្យអ្នកជាប់ពន្ធតូច និង មធ្យម មកបង់ពន្ធឲ្យបានត្រូវត្រឹម និងទាន់ពេលវេលា ដោយមិនចង់ឃើញសហគ្រាស ណាមួយត្រូវបានពិន័យនោះទេ

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានលើកទ្បើងក្នុងឱកាសបិទសិក្ខាសាលាផ្សព្វផ្សាយស្ពីពី ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធលើប្រតិបត្តិការប្រេងកាត, ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធារារ៉ាប់រង, វិធាន និង នីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ហៀន សុខល់ ប្រធានស្តីទីសាខាពន្ធដារខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមានគោលការណ៍បង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ដែលជាបន្ទុកដល់ប្រជាពលរដ្ឋ និងធុរជនក្នុងគោលដៅបង្កើនចំណូលថវិកាជាតិនោះទេ ។

ប៉ុន្តែ អគ្គនាយកដ្ឋានពន្ធដារ បានកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរ មាន តាមរយៈការអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ចំពោះការគេចវេះពន្ធ ការលួចបន្លំពន្ធតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ព្រមទាំងបង្កឲ្យមានការអនុវត្តច្បាប់ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ។
លោកក៏បានជម្រុញ និងលើកទឹកចិត្តដល់អ្នកជាប់ពន្ធតូច និងមធ្យមក្នុងវិស័យអាទិភាព ដូចជា វិស័យផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម ការកែឆ្នៃម្ហូបអាហារជាដើម គឺត្រូវមកបង់ពន្ធឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ហើយលោកក៏មិនចង់ឲ្យសហគ្រាណាមួយត្រូវបានពិន័យនោះទេ ។

លោកបានបញ្ជាក់ថា សម្រាប់ផែនការអនុវត្តបន្ត អគ្គនាយកដ្ឋានពន្ធដារ ក៏បាននឹងកំពុងអនុវត្តតាម ( យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩.២០២៣) ដោយផ្តោតលើទំនើបភាពវូបនីយកម្ម លើកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អរ និង ពង្រឹងអភិបាលកិច្ច ព្រមទាំងការគ្រប់គ្រងបែបយុទ្ធសាស្ត្រ សំដៅធានាសង្គតិភាព ជាមួយនិងគោលនយោបាយអភិវឌ្ឍន៍ជាតិ ជំរុញ និងតម្រង់ការវិនិយោគ និងប្រមូលចំណូពន្ធឲ្យអស់សក្តានុពល ឲ្យស្របទៅនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច សង្គមកម្ពុជា ។ លោក ហៀន សុខល់ ប្រធានស្តីទីសាខាពន្ធដារខេត្ត ក៏បានបង្ហាញថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០១៩ នេះ សាខាពន្ធដាខេត្តសៀមរាបប្រមូលចំណូលជូនរដ្ឋបានចំនួន៧៤.១៨៨លានរៀលស្មើ៥៥ភាគរយនៃផែនការ ។ ហើយរំពឹងថា នៅក្នុងឆ្នាំ២០១៩នេះ នឹងប្រមូលចំណូលជូនរដ្ឋបានលើសផែនការ ដែលបានគ្រោងទុក ។

បច្ចុប្បន្ននេះ សាខាពន្ធដាខេត្តសៀមរាប បានប្រើប្រាស់ប្រព័ន្ធយន្តការបង្វិលសង និង ការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ អនឡាញ ៕

មតិយោបល់