ព័ត៌មានជាតិ

ព័ត៌បន្ថែម៖ ករណីក្រុមក្មេងស្ទាវដេញវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស ពេលនេះចាប់បាន៣នាក់ទៀតហើយ

កំពង់ឆ្នាំងៈ ករណីក្រុមក្មេងស្ទាវ២ក្រុមវ៉ៃគ្នារឿងដណ្តើមស្រី ផ្អើលភ្ញៀវទេសចរណ៍ដែលទៅលេង នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤ និង០០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នោះ សមត្ថកិច្ចចាប៉ខ្លួនបាន៤នាក់ហើយ។

ប្រភពពីសមត្ថកិច្ចបានឲដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ។ នៅវេលាម៉ោង២និង៣០នាទី កម្លាំងប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះយិន សុផាតយុទ្ធ ភេទប្រុស នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស។ នៅវេលាម៉ោង៤និង៣០នាទីនេះ កម្លាំងប៉ូលីសបានបន្តឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ។ ក្នុងនោះម្នាក់ឈ្មោះសាំង សាន់ (ហៅ ខុន) ភេទប្រុស និងម្នាក់ទៀតឈ្មោះទិន ហុងតាយ ភេទ ប្រុស ទាំង២នាក់នេះ នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងស្ទាវពីរក្រុមបានវ៉ៃគ្នា ផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដែលករណីវ៉ៃតប់គ្នានេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយក្រុមទាំង២នេះស្រឡាញ់ស្រីតែមួយ ។ ករណីហិង្សាដែលបង្ករឡើងដោយក្រុមក្មេងស្ទាវនៅតំបន់ទឹកធ្លាក់នេះ មិនមែនជាលើកទី១នោះទេ ។ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៩
នោះ ក៏មានហេតុការណ៍ ក្រុមក្មេងស្ទាវដេញវ៉ៃគ្នានៅតំបន់ទឹកធ្លាក់ ថ្មក្រាលនេះ ដោយមានទាំង វីឌីអូ បង្ហោះផ្អើលបណ្តាញសង្គមផងដែរ។ គ្រានោះ នគរបាលស្រុកទឹកផុស ក៏បានឃាត់ខ្លួនក្រុមបង្ក តែការឃាត់ខ្លួននោះមិន បានប៉ុន្មានផងក៏បានដោះលែងទៅវិញ។

ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់ និងស្នើអោយ អាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់ទឹកធ្លាក់ថ្មក្រាល ជាតំបន់ទេសចរណ៍ធម្មជាតិ កំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្តកំពង់ឆ្នាំង ៕

 

មតិយោបល់