ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ

បន្ទាយមានជ័យ: នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួច(ម៉ូតូ) និងឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះឈ្មោះ វូឌី អាន់តូ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងឈ្មោះ ស៊ូ ហែនឌ្រី ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅកាស៊ីណូវីនស័រ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ ពួកខ្លួនបានបាត់ម៉ូតូ ចំនួន ០២គ្រឿង ម៉ាក ZOOMER-X ពណ៌ខ្មៅ ០១គ្រឿង និងពណ៌ក្រហម ០១គ្រឿង ដែលតែងតែចតទុកនៅចំណតម៉ូតូខាងមុខកាស៊ីណូវីនស័រ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត រកមុខសញ្ញាជនសង្ស័យ ដោយនៅកាស៊ីណូ មានបំពាក់កាមេរ៉ាសុវត្ថិភាព កម្លាំងជំនាញបានឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាព ទើបអាចកំណត់មុខសញ្ញាជនសង្ស័យបាន កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យ យកមកសាកសួរ និងឃាត់ខ្លួនបានចំនួនម្នាក់ឈ្មោះ នង ចាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងកាស៊ីណូហ្គោលឌិន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ។ ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា៖ រូបគេពិតជាបានលួចយកម៉ូតូនៅមុខកាស៊ីណូវីនស័រ ចំនួន ០២គ្រឿងពិតប្រាកដមែន ហើយយកមកលាក់ទុកនៅគុម្ពតព្រៃក្នុងវត្តស្រះត្រាច តែរំលងបាន ០១យប់ គេត្រឡប់ទៅយកម៉ូតូក្នុងបំណងយកទៅបញ្ចាំ ស្រាប់តែបាត់ម៉ូតូពីកន្លែងលាក់ទុកនោះ មិនដឹងថាអ្នកណាយក ឬមានគេលួចបន្តនោះទេ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ៖ ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួច(ម៉ូតូ) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់