ព័ត៌មានជាតិ

និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញសំណង់ស៊ីវិលម្នាក់ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង១៥នាទី ទៀបភ្លឺឆ្លងចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ជា វិសាល អាយុ ២១ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញសំណង់ស៊ីវិល រស់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តបាត់ដំបង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកសង់C125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាក បាត់ដំបង 1L-5856 ជិះដោយយុវជនម្នាក់ ទើបចេញពីជប់លៀង ធ្វើដំណើពីកើតទៅលិច តាមបណ្តោយផ្លូវ៣៧១ ក្នុងល្បឿនធម្មតា។

ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកខ្សាច់ធុនធំ ១គ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នា ជ្រុលទៅបុកម៉ូតូរងគ្រោះ ពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ភ្លាមផងដែររថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ដោយបត់ឆ្វេងចូលទៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅក្បែរកន្លែងកើតហេតុ ខណ:អ្នកបើករថយន្ត ក៏ប្រញាប់ចេញមកវិញ ហើយគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់