ផ្ទះ ព័ត៌មានជាតិ ម៉ូតូឃ្លីក វ៉...

ម៉ូតូឃ្លីក វ៉ាជែងជ្រុលទៅបុកចូលរថយន្តបែនច្រាសទិស របួសធ្ងន់វង្វេងបាត់ស្មារតី

0

ភ្នំពេញ: យុវជនម្នាក់រងរបួសធ្ងន់បែកមុខ សន្លប់វង្វេងបាត់ស្មារតី ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូឃ្លីក បើកវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្តបែនបើកច្រាស់ទិស បណ្តាលឲ្យរងរបួសធ្ងន់ ម៉ូតូក្លាយជាកំណល់រថយន្ត រងការខូចខាតខ្ទេច កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-5967 ធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្តបែន កង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS -0534 កំពុងបើកច្រាស់ទិស បណ្តាលឲ្យអ្នកបើកបរម៉ូតូ បោកផ្ទប់រថយន្តរងរបួសធ្ងន់ បាក់ថ្កាមស្តាំ បែកមុខហូរឈាម វង្វេងបាត់ស្មារតី ម៉ូតូកល់គាបជាប់ពីក្រោម ក្លាយជាកំណល់រថយន្ត រីឯអ្នកបើកបររថយន្តវិញ ឃើញសភាពមិនស្រួល ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.