ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចដេញតាម បន្ទាប់ពីឆក់ទូរស័ព្ទពីនារី ២នាក់ នៅមុខព្រលានយន្តហោះ ពោធិ៍ចិនតុង បានសម្រេចរហូតដល់បន្ទប់ជួល ក៏ក្របួចបានជនសង្ស័យចំនួន ៦នាក់បន្ថែមទៀត ក្នុងនោះមានស្រីម្នាក់ កាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃព្រហស្បតិ៍ទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងក្រោយតារាងបាល់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ ក្នុងចំណោម ៧នាក់ជាអ្នកឆក់ផ្ទាល់មានឈ្មោះ សាន់ ប៊ី ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិសំបួរ ឃុំអង្កស ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូធ្វើសកម្មភាព ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CM.4957 និងមានសង្សារម្នាក់ រួមគំនិត ព្រមទាំង ជនសង្ស័យចំនួន ៥នាក់ បន្ថែមទៀត មិនទាន់ស្គាល់ឈ្មោះនោះទេ។
យោងតាមសម្ដីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ទាំងពីរនាក់ បានជិះម៉ូតូហ្សូមើអិច ពណ៌ក្រហម ចេញពីផ្សារ ជូរីផ្លាហ្សា ក្នុងគោលបំណងជិះទៅ ចោមចៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូXR មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយបើករត់យ៉ាងលឿន ខណៈពេលនោះជនរងគ្រោះ កំពុងតែមើលទូរស័ព្ទ ដែលដាក់ខេសិនមើលផ្លូវ ក៏បានប្រាប់សមត្ថកិច្ចឲ្យតាមដានខេសិន រហូតទៅដល់បន្ទប់ជួល របស់ជនសង្ស័យនៅកន្លែងកើតហេតុ ក៏ឃើញជនសង្ស័យ កំពុងអង្គុយផឹកសរុបចំនួន ៧នាក់ ក្នុងនោះមានស្រីម្នាក់ ជាសង្សាររបស់ជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ជិះម៉ូតូ XR។
ភ្លាមៗនោះ សមត្ថកិច្ច បានឆែកឆេរបន្ទប់ជួលឃើញមានកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់កន្លងមកជាច្រើនកាបូប នៅក្នុងបន្ទប់ជួល ទើបសមត្ថកិច្ចប្រមូលយកមក ជាវត្ថុតាង ហើយក៏នាំជនសង្ស័យចំនួន៧នាក់ទៀត មកប៉ុស្តិ៍នគរបាលផ្នែកយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យចំនួន ៧នាក់ ត្រូវឃុំខ្លួនបណ្ដោះអាសន្ន នៅផ្នែកនគរបាលយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ នឹងបន្តចាត់ការតាមនីតិវិធីនៅពេលក្រោយ៕
មតិយោបល់