ព័ត៌មានជាតិ

(មានវីដេអូ) ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពីបទរក្សាទុកសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យ៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនូវថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៥គ្រឿង កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលាប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានកំពុងជិះល្បាតនៅជុំវិញមូលដ្ឋាន ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌សថ្លា ៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

លោក ឯក សេរីវុធ បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ុន សុធារត្ន័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បើកឡានដឹកឥដ្ឋ, ទី២ ឈ្មោះ យ៉ុន សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកឡានដឹកឥដ្ឋ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា, ទី៣ ឈ្មោះ សុខ ខា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់, ទី៤ ឈ្មោះ គង់ វិចា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី៥ ឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងដេរពូក ស្នាក់នៅភូមិផ្លូវត្រី ឃុំល្វាមឯម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៦ ឈ្មោះ ពៅ ដារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងតោន ស្នាក់នៅភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៧ ឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស, ទី៨ ឈ្មោះ កែវ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ អៀង ដាំងសឺត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូតម៉ូតូ ៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី៕

មតិយោបល់