ព័ត៌មានជាតិ

ឃាត់ខ្លួនកសិករ, សិស្ស និងអ្នកបើកឡាន និងម៉ាទឹកកក ២៦កញ្ចប់ នៅស្រុកស្អាង

កណ្តាលៈ សមត្ថកិច្ចសុ្រុក ស្អាង ខេត្ត កណ្តាល បានឃាត់ខ្លួនយុវជន ០៣នាក់ រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៦កញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី ២១ កក្កដា ២០១៦ វេលាម៉ោង ១១ និង០៧នាទីព្រឹក នៅចំណុចភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យមាន ០៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១- ឈ្មោះ ប្រុស ចាន់រិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត , ទី២- ឈ្មោះ ជាង សុខនី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និង៣- ឈ្មោះ វឿន ជីវ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងបីនាក់ខាងលើ មានទីលំនៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង។

នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ២៦កញ្ចប់ (ធំ២ និងតូច២៤កញ្ចប់) ឧបករណ៍សំរាប់វេចខ្ចប់មួយចំនួន នៅក្នុងផ្ទះរបស់ឈ្មោះ ប៊ន ស្នា និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ៥០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ.ព ឋ3481 ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១១ និង០៧នាទីព្រឹក នៅថ្ងៃទី ២១ កក្កដា ឆ្នាំ២០១៦ ក្រោយពេលទទួលបានព័ត៌មានពី ប្រជាពលរដ្ឋថាមានសកម្មភាពជួញដូរគ្រឿងញៀននៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ពេលនោះសមត្ថកិច្ចនគរបាលស្រុកស្អាង បានធ្វើការត្រួតពិនិត្យឈ្មោះ វឿន ជីវ៉ា ឃើញសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ១៤កញ្ចប់តូច បន្ទាប់ពីបានពត៌មានពីឈ្មោះ ជីវ៉ា ទើបសមត្ថកិច្ចនគរបាលបានទៅត្រួតពិនិត្យផ្ទះឈ្មោះ ប៊ន ស្នា ដោយមានការសហការណ៍ជាមួយក្រុមប្រឹក្សាឃុំព្រែកអំបិល លោកអនុប្រធានភូមិអន្លង់តាសេកក្រោម និងកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអំបិល ប្រទះឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១២កញ្ចប់ (ធំ២ និងតូច១០កញ្ចប់) រួមទាំងឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន ម៉ូតូមួយគ្រឿង និងឃាត់ខ្លួនបានឈ្មោះ ជាង សុខនី និងឈ្មោះ ប្រុស ចាន់រិទ្ធ ដែលកំពុងជួញដូរសារធាតុញៀន។

សមត្ថកិច្ចបានបញ្ជូនខ្លួន ជនល្មើសរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុក ដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕

មតិយោបល់