ព័ត៌មានជាតិ

(មានវីដេអូ) យុវជន ៤នាក់ ទើបមកពីទិញថ្នាំញៀននៅផ្លូវរថភ្លើងជិះមកជក់ ត្រូវនគរបាលធ្វើការឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៤នាក់ រួមទាំងថ្នាំញៀន ៤កញ្ចប់ នឹងម៉ូតូ ២គ្រឿង ត្រូវនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន កាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចំឡងស្វាយជ្រុំ តាមបណ្តោយផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ត្រី ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១និង០០នាទីរសៀល កម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌបានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ ខណៈពេលដែលជិះដល់ចំណុចមុខកំពង់ចម្លងស្វាយជ្រុំ បានប្រទះឃើញជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ ក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ៤កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ ២គ្រឿង ក្រោយមកកម្លាំងសមត្ថកិច្ចអន្តរាគមន៍បានឃាត់ខ្លួនយកមកអធិការនគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។

លោក ឯក សេរីវុធ បានបន្តទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ សៀវ រាវី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករធ្វើស័ង្កសី, ទី២ ឈ្មោះ បៀន សុខឿន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិព្រែកតាទេពន ឃុំព្រែកលូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣ ឈ្មោះ សើរ សួរ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ បើកត្រាទ័រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃចាស់ ឃុំវិហាសួន៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤ ឈ្មោះ គីម ម៉េងហួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃចាស់ ឃុំវិហាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងបានដកហូតម៉ូតូ ២គ្រឿង ទី១ ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-9665, ទី២ ម៉ាក វីវ៉ា សេរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-8077 ។

បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង ៤នាក់ បាននិយាយប្រាប់ថា ពួកគេទាំង ៤នាក់ទៅទិញថ្នាំញៀននៅផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយពួកគេបានទិញក្នុងតំលៃ ២៥.០០០មឺុនរៀលទៅ ៣៥.០០០មឺុនរៀល ដើម្បីយកទៅប្រើប្រាស់នៅស្រុក ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី ៕

https://youtu.be/6ZaA4jQx8HY

មតិយោបល់