ភ្នំពេញៈ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង បើកបរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របើកមកប៉ះកង់ក្រោយ បណ្តាលឲ្យរថយន្តសាំយ៉ុង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 7335 បើកបរឆ្លងផ្លូវពីត្បូងទៅជើង បំណងឆ្ពោះទៅលិចភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាក FUSO ប្រភេទកុងតឺន័រ ពណ៌ដីឥដ្ឋ ពាក់ស្លាកលេខព្រះសីហនុ 3A-1104 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ហើយបានប៉ះនិងកង់ក្រោយ បណ្តាលឲ្យរថយន្តសាំយ៉ុង រេទៅប៉ះនិងរបាំងថ្មពុះចែកទ្រូងផ្លូវ វៀចអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងតែម្តង សំណាងមិនបង្កគ្រោះថ្នាក់ ដល់មនុស្ស តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងសម្រួលសចរាចរណ៍ ដោយស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
មតិយោបល់