ភ្នំពេញៈយុវជនម្នាក់បានជិះម៉ូតូល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកចំពីមុខរថយន្តដឹកដី បានបណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃទី២១ ខែកកដ្កា ឆ្នាំ២០១៦ នៅចំណុចផ្លូវខាងសារិន កែងផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុង សុភក្ត្រ័ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ រត់តុនៅហាងស្នាក់ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី មួយគ្រឿង ម៉ាក UD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6738 បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត ខណៈពេលដែលបើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកដីក៏បានបត់ឆ្វេង ពេលនោះ ស្រាប់តែបានឃើញម៉ូតូ មួយគ្រឿង ម៉ាក Let’s ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-0799 បើកបរតាមបណ្តោយផ្លូវខាងសារិនក្នុងទិសដៅពីជើងទៅងត្បូងក្នុងល្បឿនយ៉ាងលឿនបានចាប់ហ្វាងអូសក៏ជ្រុលចង្កូតទៅបុករថយន្តដឹកដីបណ្តាលឲ្យបោកក្បាល និងរថយន្តរងរបួសធ្ងន់ ។
ក្រោយពីពេលកើតហេតុ អ្នកបើកបររថយន្តដឹកដីបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តដឹកដី ហើយនិងម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។ ចំណែកឯជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដឹកតាមម៉ូតូរឺម៉កកង់បី បញ្ជូនទៅសង្គ្រោះបន្ទប់ នៅមន្ទីពេទ្យកាល់ម៉ែត។
ក្រោយមកសមត្ថកិច្ចជំនាញចរាចរក្រុង បានចុះមកធ្វើការវាស់វែង នាំយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/ckDVrWStgJw
មតិយោបល់