ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ! លុចស៊ីស ៤៧០ បុកម៉ូតូ១គ្រឿង អូសជាប់ក្រោមរថយន្តរាប់រយម៉ែត្រ របួសធ្ងន់មនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ ជិះដោយប្ដីប្រពន្ធ ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយព្យាយាមបើករត់ទាំងជាប់ម៉ូតូក្រោមរថយន្ត អូសរាប់រយម៉ែត្រ ត្រូវបានប្រជាពលរដ្ឋឃើញ នាំគ្នាដេញចាប់បានរថយន្ត និងអ្នកបើកបរ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ កែងនិងផ្លូវ១៩១៥ ក្បែរនិងភោជនីយដ្ឋានរស្មីបឹងកក់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M -3878 ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ១៩៦៦។

មកដល់ចំណុចកើតហេតុ កែងនិងផ្លូវ១៩១៥ បានជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AL-1878 ជិះដោយប្តីប្រពន្ធពីរនាក់ ក្នុងទិសដៅស្របគ្នា ពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យេរស្មីបញ្ជូន ទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្ត អូសរាប់រយម៉ែត្រ មកដល់ផ្លូវបេតុងច្រកចូលសាលាវិចត្រសិល្បះ កែងនិងផ្លូវឩកញ្ញាម៉ុងរិទ្ធី ត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរទុកឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចរថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វការដោះស្រាយពេលក្រោយ៕

មតិយោបល់