ភ្នំពេញៈ យោងតាមផេករបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនជាតិចិនប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥នឹង១០នាទីរសៀល ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើដឹកនាំដោយ ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ផាន់ លីវ៉ា ក្រឡាបញ្ជី ត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិន ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តថាក្នុងប្រតិបត្តិការខាងលើបានពិនិត្យរកឃើញជនជាតិចិនសរុបចំនួន១០៥នាក់ (ស្រី១០នាក់) ពីបទស្នាក់នៅខុសច្បាប់ និងសង្ស័យប្រព្រឹត្តល្បែងប្រព័ន្ធអ៊ីនធើណិត (VOIP)។
ដកហូតវត្ថុតាងៈទូរស័ព្ទដៃចំនួន១៩១គ្រឿង,កុំព្យូទ័រយួរដៃ(laptop)ចំនួន០៤គ្រឿង,Ipaid០២គ្រឿង, កាំមេរ៉ាចំនួន០២គ្រឿង, លិខិតឆ្លងដែនចំនួន៤៧ក្បាល, រថយន្ត០១គ្រឿងម៉ាក(LEXUS ភ្នំពេញ2-J9168, MONITERចំនួន៩៥គ្រឿង និងCASEចំនួន៨០គ្រឿង(ចាស់)។
បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕



មតិយោបល់