ព័ត៌មានជាតិ

ស្រ្តីរូបស្រស់សោភាម្នាក់ រួមនិងមិត្តភក្តិពីរបីនាក់ ត្រូវជនជាតិចិនលួចរថយន្ត ក្រោយចេញពីកម្មវិធីខួបកំណើតរបស់ខ្លួន

ភ្នំពេញ: កាលពីម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តានៅ ចំណុចក្បែរនឹងម៉ាស៊ីនបូបទឹកស្ថិតក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីស្ត្រីរូបស្រស់ម្នាក់ រួមជាមួយមិត្តភក្តិ ២ ទៅ ៣ នាក់ទៀត នៅពេលចេញពីកម្មវិធីខួបកំណើត ក៏ត្រូវជនជាតិចិន បបួលឱ្យមកលេងផ្ទះហើយបានលួចយករថយន្តទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពពីនារីរងគ្រោះ ឈ្មោះដាលីន អាយុ៣១ឆ្នាំ មុខរបរលក់ដូរ តាមអនឡាញ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ គឺខ្លួនបានប្រារព្ធកម្មវិធីខួបកំណើត នៅក្នុងសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះក៏មានមិត្តភក្តិប្រុសៗ ជាជនជាតិចិនចំនួន ៣ទៅ ៤នាក់ ទៀត ចូលរួមជាមួយដោយស្គាល់គ្នា ជិតមួយឆ្នាំមកហើយ (រាប់អានគ្នាធម្មតា)។

លុះពេលដែលកម្មវិធីចប់ ជនសង្ស័យជាជនជាតិចិន បានបបួលរូបគាត់ និងមិត្តភក្តិ ២ទៅ៣នាក់ ទៀតឱ្យមកលេងផ្ទះខ្លួន នៅឯផ្លូវកែវចន្តាចំណុចកើតហេតុខាងលើ។ ខណ:ជិះមកដល់ នៅពេលជនរងគ្រោះ និងមិត្តភក្ដិដទៃទៀតចុះពីរថយន្ត ក៏ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពលួចយករថយន្តជនរងគ្រោះម៉ាក MPlus ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA7268 ទៅបាត់តែម្ដង។

ក្រោយមកមិត្តភក្តិជនរងគ្រោះ ក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ រហូតដល់រយ:ពេលជិតមួយម៉ោង ទើបជនសង្ស័យ បានបើកយករថយន្ តត្រឡប់មកវិញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងអ្វីទេ ហើយបានបើករថយន្តខ្លួនត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់