ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូដែលស្រីពីររូបទៅដណ្ដើមពាននៅម៉ាឡេស៊ី

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ម្សិលមិញ តារាម៉ូដែលស្រីពីររូបដែលត្រូវគេស្គាល់ថាស្ថិតក្នុងនៅក្នុងក្រុមបង្ហាញម៉ូត សាន់ ស៊ុបភើ ម៉ូដែល ខេមបូឌា បានចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Miss Chinese Cosmos Southeast Asia 2016 ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថាធ្វើចាប់ពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ គឺប្រហាក់ប្រហែលនឹងកម្មវិធីប្រកួតបុរសឯកដែលកំពុងធ្វើនៅប្រទេសហ្វីលីពីនដែរ។

តារាម៉ូដែលទាំងពីររួមមាន កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ ម្ចាស់ជ័យលាភី Miss Personality ក្នុងកម្មវិធី Miss University 2016 របស់កម្ពុជា ដែលទើបតែបញ្ចប់ការប្រកួតកាលពីដើមឆ្នាំ និង កញ្ញា Genevieve ជាបេក្ខភាពម្នាក់ក្នុងកម្មវិធី Miss Teen Cat of The City 2016 នៅកម្ពុជា ដែលជាតារាសម្ដែងមួយរូបផងដែរក្នុងរឿង មានតែអូន” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៩។

លោក ខន ប្រសិទ្ឋ ប្រធានគ្រប់គ្រងក្រុមហ៊ុនបង្ហាញម៉ូតសាន់ស៊ុបភើម៉ូដែលខេមបូឌា បានលើកឡើងថា ការចេញទៅប្រកួតនេះ គឺទៅលក្ខណៈជាក្រុមតែម្ដង ដោយប្រទេសនីមួយៗ អាចបញ្ជូនតារាម៉ូដែលរបស់ខ្លួនដល់ទៅបួននាក់ ប៉ុន្តែមកពីកម្ពុជាមានលទ្ធភាពតែ២រូបទើបបញ្ជូនទៅតែ២រូប។ លោកថា នេះការប្រកួតដែលមានបណ្ដាប្រទេសចូលរួមដែរ ហើយបើតារាកម្ពុជាធ្វើបានល្អតាមការចង់បានរបស់អ្នករៀបចំកម្មវិធី នោះពួកគេនឹងមានឱកាសច្រើនសម្រាប់ការប្រជែងសម្រស់មួយនេះ។

លោកថាបេក្ខនារីរបស់កម្ពុជា នឹងទទួលបានចំណេះដឹងច្រើនពាក់ព័ន្ធនឹងការរៀបចំខ្លួន ការកំណត់ពេលវេលា ការសិក្សាថ្មីៗក្នុងអាជីពបង្ហាញម៉ួត និងស្ថានភាពក្នុងការរស់នៅជាក្រុមបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងទៀតនៅក្នុងការប្រកួតទាំងមូលតែម្ដង តាមរយៈការបញ្ជូនឲ្យទៅប្រកួតនេះ។ លោកថាអ្នកទាំងពីរត្រូវបានជូនដំណើរនៅព្រលានយន្តហោះ ដោយតារាម៉ូដែលប្រុសស្រីជាច្រើនរូបរបស់Sun Model ហើយលោកក៏ហាក់រំពឹងខ្លះៗដែរសម្រាប់ការបញ្ជូនអ្នកទាំងពីរឲ្យទៅប្រកួតប្រជែងសម្រស់លើកនេះ។ លោកបានបញ្ជាក់ថា កម្មវិធី Miss Chinese Cosmos Southeast Asia 2016 គឺជាការប្រកួតសម្រស់ដែលតម្រូវឲ្យតារាម៉ូដែលមកពីបណ្ដារប្រទេសទាំងអស់ធ្វើការប្រកួតគ្នាលើចំណេះដឹងជាភាសាចិនផងដែរ ក្រៅពីកត់សម្គាល់លើរូបសម្រស់ពីធម្មជាតិ ដែលផ្ដោតលើរូបរាងស្អាត៕

មតិយោបល់